ធម៌ខន្តីទៅណាអស់, គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច បង្កជាអំពើហិង្សា ម្ខាងប្រើដំថ្ម ម្ខាងប្រើដែកវែង វាយគ្នា​បែកក្បាល​ទាំង​សងខាង

​ភ្នំពេញ​ ៖​ ផ្តើមពីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ខូចខាតបន្តិចបន្តួច បុរស២នាក់បានបង្កជាអំពើហិង្សា ម្ខាងប្រើដំថ្ម ម្ខាងប្រើដែកវែង វាយគ្នា​បែកក្បាល​ទាំង​សងខាង​ កាលពីវេលាម៉ោង​១ និង២០នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ លីម​ ឡុង​ តាមបណ្តោយផ្លូវ​សម្តេច​ ជាស៉ីម​ កែងផ្លូវ​២០១១​ ស្ថិត​ក្នុង​សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​​។

​ប្រភព​ព័ត៌មាន​​បាន​ឱ្យដឹង​ថា​  ម៉ូតូទាំងសងខាង ម៉ាកស៊ុយស័រគីលែត​ និងមួយ​គ្រឿង​ទៀត​ ម៉ាក​ ហុងដាឌ្រីម​ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ។ នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ ស៊ុយស័រគីលែត​ ​និងមាន​បក្សពួក​៣​អ្នក​ផ្សេង​ទៀត​ ជិះ​ម៉ូតូពីរគ្រឿងមិនចាំ​ម៉ាក ​ទើប​តែ​ចេញ​មក​ពីកម្មវិធី​ខួបកំណើត​មិត្តភក្ដិ​ នៅ​ម្តុំ​វត្ត​សំរោង​អណ្ដែត​ បំណង​ជិះ​ត្រឡប់ទៅ​ផ្ទះ​វិញ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ​ដោយ​ធ្វើដំណើរ​ក្នុង​ស្ថានភាពស្រវឹង​ តាមបណ្ដោយ​ផ្លូវ​២០១១​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅជើង​ រួច​បើក​ឆ្លង​កាត់​ផ្លូវ​សម្តេច ជាស៊ីម​។ 

​ប្រភពបន្តថា ខណៈ​ពេល​នោះ​ ក៏​ស្រាប់តែមាន​ម៉ូតូ​ ហុងដាឌ្រីម​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ តាមបណ្ដោយ​ផ្លូវ​សម្តេច​ជាស៊ីម​ ក្នុងទិស​ដៅ​ពីកើត​ទៅ​លិច​ ​ក្នុង​ល្បឿនលឿន​ ​ក៏​បានបត់ឆ្វេង​បម្រុងឆ្ពោះទៅផ្លូវ​២០១១​ ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​លែត ​ចំ​ពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឱ្យម៉ូតូ​លែត​ រងការខូចខាត​បន្តិចបន្តួច​។ ឯអ្នក​បើក​បរ​រងរបួស​ស្រាល​ និង​ម៉ូតូ​ឌ្រីម​រងការខូចខាត​វៀចបូម​ខាង​មុខ​។ 

​ប្រភពដដែល​បាន​បន្ត​ទៀតថា ​បន្ទាប់មក​ភាគី​ទាំង​ពីរ​ ក៏​បាន​ជជែក​វែកញែក​រកខុសរកត្រូវរៀងៗខ្លួន​យ៉ាង​តឹង​សរសៃ​ ក ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ រហូត​បង្ក​ឱ្យភាគី​ទាំង​ពីរ​កើត​មាន​ជម្លោះ​ និង​ប្រើប្រាស់​អំពើហិង្សា​ដាក់គ្នា ដោយអ្នកបើកបរម៉ូតូ​លែត​ប្រដាប់​ដោយ​ដុំថ្ម​ និងអ្នក​បើក​បរ​ម៉ូតូ​ឌ្រីម​ប្រដាប់​ដោយ​ដែកបំពុងទីបជ្រុង​ បើក​ឆាក​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្តាលឱ្យរងរបួស​បែក​ក្បាល​រៀងៗ​ខ្លួន ហើយ​ក៏​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​មូល​ដ្ឋាន ​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​តែ​ម្តង​​។ 

​ក្រោយ​ពេលកើតហេតុ​ បុរស​ដែល​ជា​បើកបរ​ម៉ូតូ​ទាំង​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​នាំ​ខ្លួន​ យក​ទៅ​សាក​សួរ​នាំ​ នៅ​ឯ​អធិការ​ដ្ឋាន​​ខណ្ឌ​សែនសុខ​ ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​គ្នា​ទៅ​ផ្លូវ​ច្បាប់​ ជាបន្ត​ទៀត​នៅ​ពេល​ក្រោយ​​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab