adverise with khmeread Successful interview

គន្លឹះសំខាន់បំផុត ៣ សម្រាប់សម្ភាសន៍ការងារឲ្យទទួលបានជោគជ័យ

    ​ការសម្ភាសន៍​ការងារ​ជាធម្មតា​គឺជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច​មួយ​សម្រាប់​អ្នក​ដែល​ធ្វើ​សម្ភាសន៍​ថ្មីថ្មោង ឬ​សូម្បី​សម្រាប់​អ្នក​ដែល​ឆ្លងកាត់​ការសម្ភាសន៍​ពីរ​បី​លើក​ហើយក៏​ដោយ​។ ការបំបាត់​ភាព​តានតឹង​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធ្វើ​ឲ្យ​មាន​ជំនឿ​ចិត្ត​ខ្ពស់ និង​ធ្វើ​ឲ្យ​ស្រួល​ក្នុង​ចិត្ត​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​បន្ថែម​មួយចំនួន​ដើម្បី​ជួយ​អ្នក​ឲ្យ​ម្ចាស់ការ​លើ​ខ្លួនឯងបាន​ពេល​ទៅ​សម្ភាសន៍​ការងារ​។ 

​    ​១- ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​និយាយ​ឲ្យ​ដូច​ខ្លួន​ជា​អ្នក​អាជីព​
​    ​រូបសម្បត្តិ និង​ការនិយាយស្តី​គឺជា​រឿង​សំខាន់​ណាស់​នៅក្នុងពេល​សម្ភាសន៍​ការងារ​។ ចូរ​ស្លៀកពាក់​ឲ្យ​បាន​ស្អាតបាត ធ្វើខ្លួន​ឲ្យ​មាន​អនាម័យ រក្សា​ដំណើរ​មាយា​ទ​ឲ្យ​បានល្អ អនុវត្ត​ការ​ប្រា​ស័​យ​ទាក់ទង​ដោយ​ក្រសែភ្នែក និង​និយាយស្តី​ឲ្យ​ដូច​ខ្លួន​ជា​អ្នក​អាជីព​។ ត្រូវ​ប្រយ័ត្ន​ថា ចម្លើយ​របស់​អ្នក​មិនត្រូវ​ឲ្យ​លើស ៦០ វិនាទី​នោះទេ​។ អ្នក​គួរតែ​ដឹង​ឲ្យ​ច្បាស់​អំពី​ប្រភេទ​ការងារ ដែល​អ្នក​កំពុង​ដាក់​ពាក្យសុំ និង ត្រូវ​ផ្សព្វផ្សាយ​ពី​ខ្លួនឯង​ឲ្យ​ដូចជា​ការលក់ទំនិញ​អ៊ីចឹង​ដើម្បី​ឲ្យ​និយោជក​មានការ​ចាប់អារម្មណ៍​។ 

​    ​២- ធ្វើ​អារម្មណ៍​ឲ្យ​ស្រួល​
​    ​អនាគត​និយោជក​របស់​អ្នក​អាច​មើល​ដឹង​ពី​អារម្មណ៍​ភ័យខ្លាច និង​ការខ្វះ​ភាពជឿជាក់​របស់​អ្នក​។ អារម្មណ៍​ភ័យខ្លាច និង​ការខ្វះ​ជំនឿ​ចិត្ត​មិនអាច​ជួយ​អ្វី​ដល់​អ្នក​នោះទេ​នៅពេល​ធ្វើ​សម្ភាសន៍​។ ចូរ​ព្យាយាម​អនុវត្ត​សំណួរ​ដែល​អ្នក​រំពឹងថា​អាច​កើតឡើង​នៅមុខ​កញ្ចក់ ឬ​ជាមួយ​មិត្តភក្តិ​ដើម្បី​ត្រៀមលក្ខណៈ​ទុកជាមុន​។ ត្រូវតែទៅ​កន្លែង​សម្ភាសន៍​ឲ្យ​បាន​មុន​ជានិច្ច និង​ត្រៀមលក្ខណៈ​ឲ្យ​បាន​រួចស្រេច​។ ប្រសិនបើ​អ្នក​បម្រុង​នឹង​ទៅ​យឺត ត្រូវ​ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន​ជាមុន​។ ទំ​នៀង​ពេល​គឺជា​រឿង​ត្រូវធ្វើ​ឲ្យ​បាន​ដាច់ខាត​។ 

​    ​៣- យកចិត្តទុកដាក់​ពី​ឥរិយាបថ​របស់​អ្នក​
​    ​ជា​ចុងក្រោយ ត្រូវ​ចងចាំ​ពី​ឥរិយាបថ​របស់​អ្នក​។ ប្រសិនបើ​វា​មិនមែនជា​អ្វីមួយ ដែល​អ្នកនឹង​ត្រូវធ្វើ​នៅក្នុងពេល​សម្ភាសន៍​ជា​ផ្លូវការ​ជាមួយ​ទីប្រឹក្សា ឬ​បុគ្គលិក​ជាន់ខ្ពស់​ទេនោះ សូមកុំ​ធ្វើ​វា​ឲ្យ​សោះ​។ ឥរិយាបថ​ទាំងនោះ​រួមមាន​ការ​ទំពា​រស្ករ​កៅស៊ូ ភាព​រប៉ិលរប៉ូច ការមិន​ចេះ​គោរព​គេឯង ឬ​ប្រមាថ​ម៉ាក់​ងាយ​គេ ឬ​ការ​លើកយក​ប្រធានបទ​ចម្រូងចម្រាស​មក​និយាយ​ជាដើម​។ 

​    ​ត្រូវ​ចាំ​ពី​មូលដ្ឋានគ្រឹះ​ទាំងនេះ ហើយ​ត្រូវ​ដឹង​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ពី​និយោជក ដែល​អ្នក​កំពុង​ធ្វើ​សម្ភាសន៍​ជាមួយ​ដើម្បី​ធានាបាន​ភាពជោគជ័យ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់