ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធជាអាជីវករលក់ម្ហូបអាហារនៅមុខរោងចក្រ បានធ្វើដំណើរដោយរ៉ឺម៉កដឹកសម្ភារៈមកផ្ទះវិញ ក៏ត្រូវរថយន្តបុកបណ្ដាលឱ្យប្តីស្លាប់ និងប្រពន្ធរងរបួស កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតផ្លូវរទេះភ្លើង ប្រហែល ១០០ម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិសនិយាយថា ជនរងគ្រោះ(សព)ឈ្មោះ ទឹម សុភាន់ អាយុ៣៦ឆ្នាំ មុខរបរលក់ត្រីអាំង ដាក់តាមម៉ូតូសណ្តោងរឺម៉ក ជិះដើរលក់មុខរោងចក្រ មានស្រុកកំណើតនៅភូមិ ព្រៃមូល ឃុំគោកពោធិ៍ ស្រុកទ្រាំង ខេត្តតាកែវ មានប្រពន្ធឈ្មោះ ឡុញ ផល អាយុ៣៩ឆ្នាំ រងរបួសធ្ងន់ មុខរបរលក់ត្រីអាំង អ្នកទាំង២ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញពីរនាក់ប្តីប្រពន្ធ បើកម៉ូតូរឺម៉ក ដឹកត្រីអាំង ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏មានរថយន្ត HYUNDAI ពាក់ស្លាកលេខ បាត់ដំបង3A-2081 ដឹកចេក បើកតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ល្បឿនលឿនមកជ្រុលបុកពេញទំហឹង បណ្តាលឱ្យបុរសបែកកក្បាលស្លាប់ រីឯស្រ្តីរងរបួសធ្ងន់ ។ ចំណែកឯរថយន្ត បានបើកទៅមុខប្រហែល១០០ម៉ែត្រទើបឈប់ទុកឡានចោល ចុះរត់បាត់តែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលជំនាញ វាស់វែងយកម៉ូតូនិងរថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ។ ចំណែកសាកសព ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
