បច្ចេកវិជ្ជា 5G របស់ Huawei ជួយវេជ្ជបណ្ឌិតចិនវះកាត់ខួរក្បាលអ្នកជំងឺពីហៃណានមកប៉េកាំងនៅចម្ងាយ ៣.០០០ គីឡូម៉ែត្រពីគ្នា

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អ្នកជំងឺ Parkinson's ម្នាក់បានទទួលការវះកាត់ពីចម្ងាយដោយប្រើប្រព័ន្ធ 5G ដំបូងគេបង្អស់នៅចិន ជាមួយការវះកាត់ដាក់បញ្ចូល "រំញោចខួរក្បាលនៅជម្រៅជ្រៅ" (DBS)។

មន្ទីរពេទ្យ Chinese PLA General Hospital (PLAGH) ដោយមានជំនួយពីក្រុមហ៊ុន China Mobile និងបច្ចេកវិជ្ជា 5G របស់ក្រុមហ៊ុន Huawei បានអនុវត្តការវះកាត់ពីចម្ងាយនេះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ដោយវះកាត់ដោយលោក Ling Zhipei មេគ្រូពេទ្យនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រទី១នៃមន្ទីរពេទ្យ PLAGH ដែលមានមូលដ្ឋាននៅប៉េកាំងនិងនាយកដ្ឋានសរសៃប្រសាទនៃមន្ទីរពេទ្យ Hainan PLAGH ការវះកាត់នេះបានប្រើពេលប្រហែលជា ៣ ម៉ោង។

លោក Ling បានចាប់ផ្តើមវះកាត់នៅវេលាម៉ោង ៩:០០ ព្រឹកនៅទីក្រុងសាន់យ៉ាខេត្តហៃណាន ដោយប្រើប្រាស់ឧបករណ៍វះកាត់​បញ្ជាពីចម្ងាយ ៣.០០០ គីឡូម៉ែត្រមកក្នុងទីក្រុងប៉េកាំង ជាមួយការបង្ហាញរូបភាពយ៉ាងច្បាស់នៅលើកុំព្យូទ័រតាមរយៈបណ្តាញ 5G ហើយបានវះកាត់ដាក់បញ្ចូលរំញោច DBS នៅទីតាំងគោលដៅបានយ៉ាងល្អប្រសើរ។

បន្ទាប់ពីការវះកាត់ អ្នកជំងឺបាននិយាយថា "ខ្ញុំមានអារម្មណ៍ល្អ"។

លោកវេជ្ជបណ្ឌិត Ling បាននិយាយថា "ខ្ញុំបានប្តូរវេនធ្វើការនៅប៉េកាំងផងនិងហៃណានផង ហើយការវះកាត់បានធ្វើឡើងអំឡុងពេលខ្ញុំកំពុងប្តូរវេនធ្វើការនៅហៃណាន។ អ្នកជំងឺ Parkinson's នៅប៉េកាំង ត្រូវការការវះកាត់ហើយមិនអាចហោះទៅហៃណានបានទេ"។

លោកវេជ្ជបណ្ឌិតបន្តថា "បណ្តាញ 5G បានដោះស្រាយបញ្ហាដូចជា វីដេអូដើរយឺត និងការបញ្ជាពីចម្ងាយទាក់ៗដែលតែងជួបប្រទះនៅក្រោមបណ្តាញ 4G ដែលនេះធានាឱ្យមានការវះកាត់បានជាក់ស្តែងទាន់ពេលវេលា។ ហើយអ្នកពុំមានអារម្មណ៍ថាអ្នកជំងឺស្ថិតនៅចម្ងាយ ៣.០០០ គីឡូម៉ែត្រនោះទេ"។

នៅពេលអនាគតក្រុមអ្នកជំនាញដែលមានសមត្ថភាពខ្ពស់និងកម្រិតខ្ពស់ពីមន្ទីរពេទ្យល្បីៗ នឹងអាចធ្វើការវះកាត់ពីចម្ងាយនិងដោយផ្ទាល់លើអ្នកជំងឺនៅតាមតំបន់ដាច់ស្រយាលតាមរយៈការវះកាត់ពីចម្ងាយ ដោយបំពេញនូវការវះកាត់ជាច្រើន ដែលកាលពីមុនជួបការលំបាកក្នុងវះកាត់ណាស់នៅតាមមន្ទីរពេទ្យថ្នាក់មូលដ្ឋាន។

ភាពជោគជ័យនៃការវះកាត់ពីចម្ងាយនេះបានបង្ហាញពីភាពជឿនលឿនដ៏ធំធេងនៅក្នុងវិស័យវេជ្ជសាស្រ្តពីចម្ងាយរបស់ចិន រាប់ចាប់ពីការអង្កេតតាមដានអ្នកជំងឺពីចម្ងាយ ការពិគ្រោះយោបល់ និងការណែនាំរហូតដល់ការវះកាត់៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab