ចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះដ៏ធំមួយនៅរោងចក្រគីមីមួយកន្លែងនៅភាគខាងកើតនៃប្រទេសចិន បានកើនឡើងដល់ ៤៧នាក់ ខណៈ ៩០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua។
ការផ្ទុះដ៏ខ្លាំងក្លានេះបានកើតឡើង បន្ទាប់ពីអគ្គីភ័យឆាបឆេះនៅរោងចក្រផលិតជី។
រដ្ឋបាលរញ្ជួយដីរបស់ប្រទេសចិនបានរាយការណ៍ថា មានការរញ្ជួយមួយដែលមានទំហំ ២,២រិច្ឆទ័រនៅពេលដែលការផ្ទុះនេះបានកើតឡើង។
ចំនួនអ្នកស្លាប់នេះ បានធ្វើឱ្យវាក្លាយជាឧបទ្ទវហេតុឧស្សាហកម្មដ៏អាក្រក់បំផុតរបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង ១៤និង ៥០នាទីក្នុងប្រទេសចិន នៅរោងចក្រមួយនៅក្រុងយ៉េងជៀន ដែលគ្រប់គ្រងដោយក្រុមហ៊ុន Tianjiayi Chemical។
យោងតាមទីភ្នាក់ងារ Xinhua មនុស្សសរុបទាំងអស់ ៦៤០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ទីភ្នាក់ងារជាច្រើនបានរាយការណ៍ថា មនុស្សជាច្រើនស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ៕
