ខំរៀនដល់ឆ្នាំប្រឡងបាក់ឌុប បែរបែកគំនិតធ្វើចោរឆក់

ភ្នំពេញ ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់​ ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន​ ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីម្នាក់បានសម្រេច​ ខណៈពេលដែលនាងកំពុងជិះម៉ូតូកង់បី​ កាលពីវេលាម៉ោង​៨ និង១០នាទី​យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវម៉ៅសេទុង​ (ស្តុបកៅដាយ​) សង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន។
 
ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ​ ឡេង​ ឆេងហ៊ុយ​ (អ្នកអង្គុយពីក្រោយធ្វើសកម្មភាពឆក់)​ អាយុ១៦ឆ្នាំ​ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាទួលទំពូង​ បច្ចុប្បន្ន​ស្នាក់នៅភូមិភ្នាត​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​។ ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ជាមួយនឹងទូរស័ព្ទរបស់ជនរងគ្រោះ។ ពួកគេប្រើប្រាស់មធ្យោបាយម៉ូតូម៉ាក និច មិនចាំស្លាកលេខ។ ស្រ្តីរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ។ 

ប្រភពព័ត៌មានពីពូរត់ម៉ូតូកង់បី​ ដែលមានឈ្មោះ​​ វាសនា​ បានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុ គាត់បានដឹកស្រ្តីរងគ្រោះ ពីម្តុំទឹកថ្លា​ ឆ្ពោះទៅម្តុំទួលស្វាយព្រៃ២​។ លុះពេលមកដល់ចំណុចកើតហេតុ​ ខណៈពេលដែលស្រ្តីរងគ្រោះកំពុងមើលផែនទីក្នុងទូរស័ព្ទ​ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទស្រ្តីរងគ្រោះបានសម្រេច​។ 

ភ្លាមនោះស្រ្តីរងគ្រោះបានស្រែក​ ចោរៗឆក់ទូរស័ព្ទ​ ធ្វើឱ្យប្រជាពលរដ្ឋដែលនៅក្បែរនោះ ជួយដេញចាប់ទាញជនសង្ស័យបានម្នាក់​។ ចំណែកម្នាក់ទៀតជិះគេចខ្លួនបាត់​ រួមនឹងទូរស័ព្ទជនរងគ្រោះ ទៅជាមួយផងដែរ។ សម្ភារៈសមត្ថកិច្ចដកហូត​ពីជនសង្ស័យ​ ខ្សែកមួយខ្សែ​ នាឡិកាដៃ​ កាបូបលុយ​ និងសម្ភារៈមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ទំនប់ទឹក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab