កុំចេះតែហ៊ាន! អ្នកទេសចររុស្ស៊ីអាចជាប់គុក៥ឆ្នាំ ដោយសារលួចដឹកស្វាអភិរក្សរបស់ឥណ្ឌូនេស៊ីទុកធ្វើជាសត្វចិញ្ចឹមនៅស្រុករបស់ខ្លួន

ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា អ្នកទេសចររុស្ស៊ីម្នាក់ ដែលព្យាយាមរត់ពន្ធស្វាត្រូវថ្នាំសណ្តំមួយក្បាលចេញពីឥណ្ឌូនេស៊ីនៅក្នុងវ៉ាលិសរបស់គាត់ដើម្បីនាំយកទៅរុស្ស៊ីទុកធ្វើជាសត្វចិញ្ចឹមនោះ ត្រូវបានចាប់ខ្លួននៅកោះបាលី។

លោក Andrei Zhestkov ត្រូវបានឃាត់ខ្លួននៅព្រលានយន្តហោះ Denpasar កាលពីថ្ងៃសុក្រ ខណៈឆ្លងកាត់កន្លែងត្រួតពិនិត្យសន្តិសុខ មុនពេលជើងហោះហើរដែលគ្រោងទុកត្រឡប់ទៅរុស្ស៊ីវិញ។

ក្រុមមន្រ្តីដែលសង្ស័យបានឃាត់ខ្លួនបុរសនេះ ហើយបើកវ៉ាលិសរបស់គាត់មើលក៏ឃើញស្វាឈ្មោលអាយុ ២ ឆ្នាំមួយក្បាលកំពុងដេកនៅក្នុងហិបផ្តៅមួយ។

មន្ត្រីរបស់ទីភ្នាក់ងារអភិរក្សសត្វព្រៃនៃកោះបាលី លោក I Ketut Catur Marbawa បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ថា "យើងជឿថាស្វាត្រូវបានបញ្ច្រកថ្នាំអាឡែស៊ី ដែលធ្វើឱ្យវាដេកលក់។ យើងបានរកឃើញថ្នាំនេះនៅក្នុងវ៉ាលិស"។

លោក Marbawa បានបន្ថែមថា "Zhestkov ហាក់កំពុងត្រៀមខ្លួន ដូចជាគាត់កំពុងដឹកទារកអ៊ីចឹង"។

លោក Zhestkov បាននិយាយថា បុរសរុស្ស៊ីអាយុ ២៧ ឆ្នាំរូបនេះក៏បានដាក់ម្សៅទឹកដោះគោកូនក្មេងនិងភួយសម្រាប់ស្វាផងដែរ។

ប៉ូលិសក៏បានរកឃើញតុកកែរស់ពីរក្បាលនិងបង្គួយរស់ប្រាំក្បាលនៅក្នុងវ៉ាលិសផងដែរ។

លោក Zhestkov បានប្រាប់អាជ្ញាធរថាប្រភេទសត្វអភិរក្សទាំងអស់នេះត្រូវបានផ្តល់ជាកាដូដោយមិត្តភក្តិរបស់គាត់ដែលជាអ្នកទេសចររុស្ស៊ីម្នាក់ទៀត ដែលបានទិញវាសរុបក្នុងតម្លៃ ៣.០០០ ដុល្លារពីផ្សារតាមដងផ្លូវនៅខេត្តជ្វា។

គាត់អះអាងថា មិត្តភក្តិរបស់គាត់ ដែលបានចាកចេញពីឥណ្ឌូនេស៊ីហើយនោះ បានប្រាប់គាត់ថា គាត់អាចយកសត្វស្វានេះទៅស្រុកបានសម្រាប់ធ្វើជាសត្វចិញ្ចឹម។ 

លោក Marbawa និយាយថា បុរសរុស្ស៊ីរូបនេះអាចប្រឈមជាប់គុក៥ឆ្នាំ និងពិន័យ ៧.០០០ ដុល្លារសម្រាប់ការជួញដូរសត្វព្រៃ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab