ISIS ដួលរលំទាំងស្រុង! កងកម្លាំងឧទ្ទាមស៊ីរីគាំទ្រដោយអាមេរិកវាយដណ្តើមកាន់កាប់ទឹកដីចុងក្រោយរបស់ពួករដ្ឋអ៊ីស្លាម

កងកម្លាំងដឹកនាំដោយជនជាតិឃឺដបានប្រកាសពីការស្លាប់នៃ "ទីក្រុងកាលីហ្វេ" ចំណាស់ជិត៥ឆ្នាំរបស់ក្រុមរដ្ឋស្លាមកាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីកម្ចាត់ជនជីហាដក្បាលរឹងចេញពីបន្ទាយចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសស៊ីរីភាគខាងកើត។

ពួកយុទ្ធជននៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានលើកទង់ពណ៌លឿងរបស់ពួកគេនៅក្នុងភូមិដាច់ស្រយាលឈ្មោះ Baghouz កន្លែងដែលជនជីហាដក្បាលរឹងចម្រុះជាតិសាសន៍ខំប្រឹងទាំងត្រដរដើម្បីការពារជម្រកចុងក្រោយរបស់ពួកគេ។

ជ័យជម្នះរបស់ SDF គឺបានបិទបញ្ចប់ប្រតិបត្តិការប្រយុទ្ធដ៏លំបាករយៈពេល ៦ខែ ហើយនឹងក្លាយជាកាលបរិច្ឆេទនិមិត្តរូបមួយនៅក្នុងសង្រ្គាម ដែលបានប្រែមុខមាត់តំបន់។

អ្នកនាំពាក្យលោក Mustefa Bali បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "កងកម្លាំងប្រជាធិបតេយ្យស៊ីរីប្រកាសកម្ចាត់បានទាំងស្រុងនូវពួកកាលីហ្វេ (ពាក្យកាត់របស់ ISIS) និងការបាត់បង់ទឹកដី ១០០ភាគរយរបស់ពួក ISIS"។

រដ្ឋអ៊ីស្លាម​ ដែលប្រកាសជាទឹកដីក្នុងឆ្នាំ ២០១៤ ដោយមេដឹកនាំកំពូលរបស់អាយស៊ីសដែលរត់គេចខ្លួន ឈ្មោះ Abu Bakr al-Baghdadi បានចាប់ផ្តើមដួលរលំនៅឆ្នាំ ២០១៧ នៅពេលដែលការវាយលុកស្របពេលដំណាលគ្នានៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីបានដណ្តើមបានមកវិញនូវមូលដ្ឋានសំខាន់របស់អាយស៊ីសគឺទីក្រុង Mosul និងទីក្រុង Raqa។

ការប្រយុទ្ធជិតប្រាំឆ្នាំប្រឆាំងនឹងក្រុមជីហាដដ៏ឃោរឃៅបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យថ្មីបានបំផ្លាញទីក្រុងបុរាណចំណាស់រាប់ពាន់ឆ្នាំជាច្រើនកន្លែង និងនាំឱ្យប្រជាជនជាច្រើនលាននាក់គ្មានផ្ទះសម្បែង។

ទឹកដីដែលគ្រប់គ្រងដោយពួក ISIS សេសសល់មួយក្តាប់តូចបានបន្តថយចុះពីមួយខែទៅមួយខែ ហើយនៅខែកញ្ញាឆ្នាំ ២០១៨ កងកម្លាំង SDF បានចាប់ផ្តើមការវាយលុកចុងក្រោយទៅលើ "ទីក្រុងកាលីហ្វេ" នៅក្នុងតំបន់ទន្លេយូប្រេត រហូតទទួលបានជ័យជម្នះទាំងស្រុងកាលពីថ្ងៃសៅរ៍៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab