ជនសង្ស័យម្នាក់គាស់តូបលក់នាឡិកាត្រូវបានប៉ូលិសឃាត់ខ្លួន

ភ្នំពេញ ៖​ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពលួចនាឡិកានៅ ត្រង់ចំណុចតូបលក់នាឡិកា និងកាត់វ៉ែនតា ក្នុងផ្សារទួលសំបូរ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃទី២០មីនា​ ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី២៣មីនាឆ្នាំ២០១៩​ ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ សោម ភ័ក្រនី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៣៧ ភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ ឈ្មោះ ទិត្យ ហួត ហៅ យួន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ 

ប៉ូលិសបន្តថា​ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីល្ងាច ជនរងគ្រោះ និងប្តីឈ្មោះ ហ៊ាក គន់ អាយុ៤៩ឆ្នាំជនជាតិខ្មែរ បានរៀបចំអ៊ីវ៉ាន់ នាឡិកា និងវ៉ែនតា ទុកដាក់ រួចបិទតូបលក់ដូរ ក្នុងផ្សារទួលសំបូរ ស្ថិតនៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដោយចាក់សោរតូបត្រឹមត្រូវ ហើយជិះម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HM-8006  ទៅផ្ទះស្ថិតនៅភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ  ។ 

លុះដល់ព្រឹកឡើងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៦ ឈ្មោះ ហ៊ាក គុណ បានជិះម៉ូតូកង់បីឥណ្ឌាចេញពីផ្ទះមកដល់តូចលក់ដូរខាងលើ រួចក៏បានចាក់សោចូលទៅក្នុងតូប បានឃើញអីវ៉ាន់នៅ ក្នុងតូបមានសភាពរាយប៉ាយ ហើយបាន បាត់នាឡិកាវ៉ែនតា និងម៉ាស៊ីនកាត់វ៉ែនតាចំនួន៤គ្រឿង ។ 

បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍រដ្ឋបាលព្រៃវែង ។ លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទីរសៀល ឈ្មោះ ឡាំង ឆៃយ៉ា ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ បានយកនាឡិកាចំនួន ០២គ្រឿង នាឡិកាខ្សែដែកអ៊ីណុកមួយគ្រឿង និងខ្សែជ័រពណ៌ខ្មៅមួយគ្រឿង យកមកលក់ឱ្យជនរងគ្រោះ ។ 

ពេលនោះជនរងគ្រោះបានស្គាល់នាឡិកាខាងលើ ថាជារបស់គាត់ ដែលបានបាត់ រួចជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ឃាត់និងនាំឈ្មោះ ឡាំង ឆៃយ៉ា យកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលព្រៃវែង  ទើបដឹងថា នាឡិកាខាងលើ គឺជនសង្ស័យឈ្មោះ ទិត្យ ហួត ហៅ យួន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ជាអ្នកឱ្យយក មកលក់ រួចនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើ ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ បានត្រង់ចំណុចភូមិទួលសំបូរខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ   ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាម នីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...