កូនលោកឧកញ៉ាជឹម សុខ ជាប៉ូលិសនៅខេត្តព្រៃវែងបាញ់ពលរដ្ឋស្លាប់ម្នាក់ និងរបួសម្នាក់

ភ្នំពេញ​ ៖ កូនលោកឧកញ៉ា ជឹម សុខ គឺជាប៉ូលិសនៅខេត្តព្រៃវែងបានបាញ់ប្រជាពលរដ្ឋស្លាប់ម្នាក់ និងរបួសម្នាក់ ដោយសង្ស័យថាជា«ចោរលួចឡាន»​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សមត្ថកិច្ចមូលដ្ឋាននិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ វុធ ភេទប្រុស និងម្នាក់ទៀតឈ្មោះ វ៉ាន​ ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនថែមទៀត​ ។

តាមម្ដាយរបស់ឈ្មោះ វ៉ាន​ ខេមរិន បានប្រាប់អ្នកព័ត៌មានថា កូនគាត់មិនមែនជាចោរ លួចរថយន្តទេ ។ រីឯជនរងគ្រោះដែល ស្លាប់ក៏ពុំមែនជាចោរដែរ។​ គាត់បញ្ជាក់ថា​ ជនរងគ្រោះដែលស្លាប់ បានទិញរថយន្ត ម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF2679 ដោយបង់រំលោះ នៅខ្វះលុយ ៣០០០ដុល្លារទៀត ហើយក៏មានទំនាស់សម្ដីជាមួយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។ទើបឈានដល់បើករថយន្តពីភ្នំពេញ រត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន​ ខេមរិន ។

ពេលនោះ ឈ្មោះ ផាន់ សុឌី បានទូរស័ព្ទប្ដឹងសមត្ថកិច្ចឱ្យតាមចាប់រថយន្តរថយន្តខាងលើ និងប្រាប់ថាជា«ចោរលួចរថយន្តខ្លួន»។ជាមួយគ្នានោះកម្លាំងអាវុធហត្ថ បានបើករថយន្តដេញតាម ពីក្រោយតាំងពីស្ពានអ្នកលឿងផ្លូវជាតិលេខ១ កាច់តាមផ្សារកំពង់សឹង បត់ចូលមកស្រុកបាភ្នំ លុះដល់កន្លែងកើតហេតុ ស្រាប់តែមន្ត្រីប៉ូលិសត្រូវជាកូនរបស់លោកឧកញ៉ា ជឹម សុខ បានបាញ់ជាច្រើនគ្រាប់ បណ្ដាលឱ្យជនទាំងពីរនាក់ នៅក្នុងឡានត្រូវគ្រាប់ហូរឈាមស្លាប់ម្នាក់និងរបួសម្នាក់កំពុងឃាត់ខ្លួន។

លោក ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បាននិយាយថា នៅថ្ងៃទី២៤មីនា២០១៩នេះថា កម្លាំងរបស់លោកមិនបានបាញ់ទេ គឺបានតាមពីក្រោយ រថយន្តសង្ស័យប៉ុណ្ណោះ ។លោកបន្តថា អ្នកបាញ់អាចជាប៉ូលិស ដែលគេស្ទាក់ពីមុខ ហើយនេះជាករណី ចោរលួចរថយន្ត។

យ៉ាងណាក៏ដោយជុំវិញការបាញ់ស្លាប់មនុស្សដោយសង្ស័យថាចោរលួចរថយន្តនេះ លោក ព្រុំ សន្ធរ ស្នងការប៉ូលិសខេត្តព្រៃវែង មិនអាចសុំការបកស្រាយបានទេនៅព្រឹកនេះ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល៕

adverise with khmeread
tiger
Loading ad ...