adverise with khmeread 483389314

តើកីឡាករ Jamie Vardy និង Riyad Mahrez ដែលកំពុងនាំសំណាងឲ្យ Leicester គឺជាអ្នកណា?

កីឡាករ Jamie Vardy
Jamie Vardy កើតនៅថ្ងៃទី១១ មករា ១៩៨៧ ទីកន្លែងកំណើតនៅ Sheffield ប្រទេសអង់គ្លស ។ កីឡាករសញ្ជាតិអង់គ្លេសរូប​នេះ​​ជាអ្នកលេងបាល់ទាត់អាជីពមួយរូបដែលកំពុងលេងឲ្យក្រុមឡើងកូដ និងកំពុងឈរលេខ១ នៅអង់គ្លេសគឺ Leicester City ។ កីឡាកររូបនេះលេងជាខ្សែ​ប្រយុទ្ធហើយក៏អាចលេងនៅស្លាបផងដែរ។

បន្ទាប់ពីត្រូវបានក្រុម Sheffield Wednesday មិនបន្តកុងត្រាឲ្យនៅអាយុ១៦ឆ្នាំ កីឡាកររូបនេះក៏បានបន្តអាជីពរបស់ខ្លួនជាមួយ​ក្លឹប Stocksbridge Park Steels នៅក្របខ័ណ្ខ Northern Premier Division One South។ បន្ទាប់មកក៏បានជាប់ជម្រើសដំបូងនៅឆ្នាំ២០០៧ និងចំណាយពេលបីរដូវកាលនៅក្លឹបមិនសូវល្បីនេះ មុនពេលខ្លួនចូលទៅលេងនៅលីក Northern Premier League របស់ប្រទេសអង់គ្លេសជាមួយក្រុម Halifax Town នៅឆ្នាំ ២០១០។ នៅរដូវកាលនោះកីឡាកររូបនេះបានស៊ុត​បញ្ចូលទីឲ្យក្លឹបចំនួន​ ២៦ គ្រាប់ ហើយក៏បានឈ្នះពានកីឡាករឆ្នើមរបស់ក្លឹប​ប្រចាំឆ្នាំ បន្ទាប់មកបានផ្លាស់ទៅលេងក្របខ័ណ្ឌ Conference Premier ជាមួយក្លឹប Fleetwood Town នៅខែសីហា ឆ្នាំ២០១១។ កីឡាកររូបបានស៊ុតបញ្ចូលទីបាន៣១គ្រាប់នៅរដូវកាលដំបូងរបស់ខ្លួននៅលីក Conference Premier ឲ្យក្លឹប Fleetwood Town ហើយក៏បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់លីកដែរ។

នៅឆ្នាំ ២០១២ ខែមីនា Vardy ត្រូវបានក្រុមនៅ Championship គឺ Leicester City ឲ្យតម្លៃខ្លួនរហូតទៅដល់ ១ លានយ៉ូរ៉ូ​និងផ្តល់ប្រាក់ឈ្នួលចំនួន ៤៥.០០០ យ៉ូរ៉ូក្នុងមួយសប្ដាហ៍ដោយពុំបានស៊ុតបំបែកកំណត់ត្រាអ្វីទាំងអស់ ហើយរហូតដល់ឆ្នាំ ២០១៤ ក្រុម Leicester City ក៏បាន​ឈ្នះ​ជើង​ឯក Championship ឡើងមក Premier League។ ថ្មីៗនេះកីឡាកររូបនេះបានបំបែក​កំណត់ត្រាស៊ុតចូល ១១ ប្រកួតជាប់គ្នានៅ Premier League រដូវកាលថ្មី ២០១៥-១៦ ដោយបំបែកកំណត់ត្រារបស់អតីតកីឡាករ Man Utd គឺ Ruud van​ Nisterlrooy ហើយក៏ក្លាយជាកីឡាករមានឈ្មោះ​នៅ​ឆាកអន្តរជាតិ​នៅ​ឆ្នាំ២០១៥ នេះតែម្តង។

កីឡាករ Riyad Mahrez
កីឡាករសញ្ជាតិអាល់ហ្សេរី Riyad Mahrez កើតនៅថ្ងៃទី២១ កុម្ភៈ ១៩៩១ ទីកន្លែងកំណើតរបស់ខ្លួននៅ Sarcelles ប្រទេសបារាំង។ កីឡាករអាជីពរូបនេះសព្វ​ថ្ងៃលេងឲ្យក្លឹប Leicester City និងជាជម្រើសជាតិអាល់ហ្សេរីដើរតួនាទីជាខ្សែស្លាប។
 
កីឡាកររូបនេះបានចាប់អាជីពរបស់ខ្លួនជាមួយក្លឹបបារាំង AAS Sarcelles ហើយបានក្លាយជាកីឡាករអាជីពនៅឆ្នាំ២០០៩ ដោយ​ចូលរួមជាមួយក្លឹប Quimper ដោយលេងបានតែមួយរដូវកាលតែប៉ុណ្ណោះ មុនពេលចូលរួមជាមួយក្លឹប Le Havre នៅរដូវកាល​បន្ទាប់។ កីឡាកររូបនេះចំណាយពេលរយៈបីឆ្នាំនៅក្លឹប Le Havre ទើបបានក្លាយជាកីឡាករជម្រើសដំបូងរបស់ក្លឹប។ បន្ទាប់មកនៅឆ្នាំ២០១៤​​ មករា​ កីឡាកររូបនេះក៏ត្រូវបានក្រុមអង់គ្លេស Leicester City ទិញយក។


    
Mahrez បានក្លាយជាកីឡាករលេចធ្លោជាងគេនៅឆ្នាំ២០១៤ ក្នុងជំនួប FIFA World Cup 2014 និង Africa Cup of Nations 2015 ឲ្យជម្រើសជាតិអាល់ហ្សេរី។​ គិតត្រឹមឆ្នាំ២០១៥ ខែវិច្ឆិកា កីឡាកររូបនេះលេងឲ្យជម្រើសជាតិ២០ដងហើយ និងស៊ុតបានបីគ្រាប់។ កីឡាកររូបនេះមានតម្លៃខ្លួនបីលានយ៉ូរ៉ូ និងមាន​ចំណូលចំនួន ១៩.២៣១ យ៉ូរ៉ូក្នុងមួយសប្ដាហ៍នៅក្លឹប Leicester City។

សព្វថ្ងៃនេះកីឡាករទាំងពីររូបកំពុងមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ ហើយបានជួយ Leicester បំបាក់ក្លឹបកំពូលទាំងប្រាំនៅ Premier League ផងដែរ។ ក្លឹប Leicester City
កំពុងឈរនៅកំពូលតារាងនៅ Premier League គិតត្រឹមថ្ងៃសៅរ៍ទី ១២ ខែធ្នូនេះ៕

adverise with khmeread

មតិយោបល់