រថយន្ដដឹកដីមួយគ្រឿងបុកម៉ូតូបណ្ដាលឱ្យយុវជនម្នាក់និងយុវតីម្នាក់ស្លាប់ និងយុវតីម្នាក់ទៀតរបួសធ្ងន់ នៅខណ្ឌដង្កោ

ភ្នំពេញ​ ៖ យុវជនម្នាក់ជិះម៉ូតូឌុបស្រ្តី២នាក់ត្រូវរថយន្ដដឹកដីបុកចំពីមុខពេញទំហឹងបណ្ដាលឱ្យស្លាប់យុវជនម្នាក់និងយុវតីម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងយុវតីន្នាក់ទៀតរបួសធ្ងន់ ហើយរថយន្ដបង្កក្រោយពីបង្កហេតុបន្ថែមល្បឿនបើករត់បានប្រហែល២០០០ម៉ែត្រ ក៏រេចង្កូតមកខាងឆ្វេងដៃក្រឡាប់ផ្ងារចំហៀងចូលប្រឡាយទឹកស្អុយ។
 
​គ្រោះថ្នាក់ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទី ព្រឹកព្រលឹមថ្ងៃ​ទី២៦ ខែមីនា​ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចផ្លូវបំបែកជាបីក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ​។
 
​​ប៉ូលិសនិយាយថា​ ​ជនរងគ្រោះ(សព)ឈ្មោះ ស៊ុំ សុភាព ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ​មានស្រុកកំណើត ភូមិចាន់លួង ​ឃុំឈូកខ្សាច់  ស្រុកបារាយណ៍ ខេត្ត កំពង់ធំ។ ចំណែកយុវតីស្លាប់ម្នាក់និងរងរបួសម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ វ័យក្មេងៗប្រហាក់ប្រហែលគ្នា។

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញយុវជនម្នាក់ជិះម៉ូតូ ឌុបស្រ្តី២នាក់ ម៉ាក ស៊ុយសាគី លែក​ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HN7435 ជិះតាមបណ្តោយផ្លូវ៣០ម៉ែត្រទិសដៅពីកើតទៅលិចយ៉ាងលឿន​។ 

​ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តដឹកដី ពណ៌ទឹកក្រូច  ​ពាក់ស្លាកលេខ ព្រៃវែង 3A.0048 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើក៏បត់ទៅកើតយ៉ាងលឿនបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់ យុវជនម្នាក់យុវតីម្នាក់ និងរងរបួសយុវតីម្នាក់ទៀតយ៉ាងធ្ងន់ធ្ងរ​។ 

​ភ្លាមៗក៏មានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យ, ម៉ូតូរបស់ជនរងគ្រោះរងការខូចខាតផ្នែកខាងមុខឡើងរួញយ៉ាងដំណំ។ ចំណែកឯ
រថយន្តបង្កក៏បន្ថែមល្បឿនទៅមុខយ៉ាងលឿនបាន ២គីឡូម៉ែត្រ ក៏រេចង្កូតមកខាងឆ្វេងដៃធ្លាក់ចូលប្រឡាយទឹកស្អុយក្រឡាប់ផ្ងារចំហៀង តែកុងក៏វ៉ាយកញ្ចក់ចុះរត់បាត់។

​ក្រោយពីកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ម្នាក់ជាមនុស្សប្រុស។ ចំណែកយុវតីម្នាក់ទៀតយកទៅកំកល់នៅវត្តទឹកថ្លារងចាំសាច់មកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ និងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab