adverise with khmeread 7d308355 40b9 47bd 9645 619fc4aea3b8

សូម​ក្រឡេកមើល​ស្រូវ​អង្ករ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​អ្វី ហើយ​គេ​កំពុង​ដោះស្រាយ​អ្វីខ្លះ​?

    ភ្នំពេញ ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្កើត​គណៈកម្មកា​រ​ពិសេស​បន្ទាន់​មួយ​ឡើង​ភ្លាមៗ ហើយ​កោះប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​៩ មីនា​នេះ ដើម្បី​រិះរក​វិធី​ទប់ស្កាត់​ការហូរ​​ចូល​អង្ករ​មិន​ស្របច្បាប់​ពី​ប្រទេសជិតខាង​មក​ប្រទេស​កម្ពុជា ហើយក៏​ដើម្បី​ស្វែងរក​ហិរញ្ញវត្ថុ ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ពិសេស​បញ្ហា​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការបិទទ្វារ​ជា​បន្តបន្ទាប់។ 

    លោក​តាំង សុខ​ឃី តំណាង​ក្រុមហ៊ុន​អេង ឌី​ប៉ូ អភិវឌ្ឍន៍ បាន​ថ្លែងថា ក្រុមហ៊ុន​លោក​បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការជួយ​ទប់ស្កាត់​លំហូរ​ស្រូវ​អង្ករ​ចូលមក​កម្ពុជា​តាម រយៈ​ការជំរុញ​ឲ្យ​សហព័ន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ ជ្រើសរើស​ពូជ​ណាមួយ​ដែល​ទទួលបាន​ផល​ច្រើន​និង​តម្លៃ​ខ្ពស់ ធ្វើជា​កំណត់សម្គាល់​អង្ករ​រប​ស់​កម្ពុជា​។ 

      លោក តាំង សុខ​ឃី ដែលជា​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានលើកឡើង​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី​៩ ខែមីនា​នេះ​ថា បញ្ហា​ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​ជួប​ប្រឈម ដែល​ឈានទៅដល់​ការប្រកាសអាសន្ន​ជាបន្ទាន់​នោះ គឺ​ការ​លំហូរ​ស្រូវ​អង្ករ​ចូល​មកពី​ប្រទេសជិតខាង ដែល​ជំរុញ​ឲ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ត្រូវតែ​បង្កើតគណៈ​កម្មការ​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា​នូវ​បញ្ហា​ដែល​កំពុង​កើតឡើង​ទាំងនោះ ។     

      លោក តាំង សុខ​ឃី បាន​ថ្លែងបន្តថា តាម​ការមើលឃើញ​នៅពេល​បច្ចុប្បន្ន បណ្តា​ក្រុមហ៊ុន​ដែល​កំពុងអភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​ជាពិសេស ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដំណាំ​ស្រូវ នៅ​ទូទាំង ប្រទេស គឺ​និយម​ជ្រើសរើស​ពូជស្រូវ​ខុសៗ​គ្នា​ទៅតាម​តំបន់​នីមួយៗ​។ ទាំងអស់នេះ​គឺ​ធ្វើ​ឲ្យ​សហព័ន្ធ កំពុង​ជួបប្រទះ​ទាំង​នៅលើ​តម្លៃ និង​ទិន្នផល​ដែល​ត្រូវ​ផ្គត់​ផ្គង​ដល់​ការនាំចេញ​។ 

    ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ​លោក​នឹង​ស្នើ​ឲ្យ​សហព័ន្ធ​ពិចារណា​លើ​ការ ជ្រើសរើស​ពូជ​កា​រប​ន្សុ​ត​ពូជ ដោយ​ជ្រើសរើស​ពូជ​ណាមួយ​ល្អជា​សម្គាល់​និង​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម​នៅ​ទូទាំង ប្រទេស បាន​ជ្រាប​ផងដែរ​។ 

   ក្នុងការ​ទប់ស្កាត់​បញ្ហា​នេះដែរ​លោក មូល សា​រិទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន លើក​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានបង្កើត​គណៈកម្មការ​ច្រើន ក្នុង​នោះបាន​បង្កើត គណៈកម្មការ​ជ្រើសរើស​ពូជ​ផងដែរ ដើម្បី​កំណត់​យក​ពូជ​ណាមួយ​ជាក់លាក់​ដោយមាន គុណភាព អង្ករ​ល្អ​ឲ្យ​ចំ​ទិសដៅ​ក្នុង​ការនាំចេញ ដែល​អតិថិជន​ទទួល​ទិញ​ចង់បាន​ជាងគេ​។​

     ចំណែក​បញ្ហា​ដែល​ដោះស្រាយ​បញ្ហា​មួយចំនួនទៀត លោក អគ្គលេខាធិការ បាន​ឲ្យ​ដឹង ថា សហព័ន្ធ​បាន​បង្កើត​គណៈកម្មការ​ជាច្រើន ដូចជា គណៈកម្មការ​កាត់បន្ថយ​ថ្លៃដើម ដើម្បី​ជួយ​ជំរុញ​កាត់បន្ថយ​ថ្លៃដើម​ឲ្យ​បាន​ទាប ព្រោះ​នៅ​កម្ពុជា​គឺមាន​តម្លៃ​ថ្លៃដើម​ខ្ពស់​។ ក្នុងនោះ​ក៏ បាន​ជួប​ដោះ ស្រាយ​បញ្ហា​អគ្គិសនី ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​សាធារណៈ​​​ការ និង​ដឹកជញ្ជូន និង​ការដោះស្រាយ​ជាមួយ​កំពង់ផែ​ជាដើម​នៅលើ​ការ លើកដាក់​អង្ករ​នៅ​កំពង់ផែ ដែល​យើង​បាន​ដោះស្រាយ​ជា​វិជ្ជមាន​មួយចំនួន​រួ​ហើយ ក្នុងនោះ​សម្រាប់​បញ្ហា​កំពុង​ជួបប្រទះ​នេះ​សហព័ន្ធ​កំពុង​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​ឲ្យ​កម្ពុ​ជាមាន​ស្ថេរភាព​ដល់​ការនាំចេញ​។​

    ចំណែក​លោក សុខ ពុទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីកាសែត​ ​ថា ក្រុមការងារ​ពិសេស​ដោះស្រាយ​បញ្ហា​បន្ទាន់ ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​នេះ មាន​សមាសភាព​មន្ត្រីជាន់ខ្ពស់ របស់​សហព័ន្ធ ដែល​សុទ្ធសឹងតែ​ជា​អ្នកមាន​បទពិសោធន៍ ជាមួយនឹង​វិស័យ​ស្រូវ​អង្ករ​នេះ​។ ក្រុមការងារ​ពិសេស​បន្ទាន់​នេះ​នឹង​ត្រូវធ្វើ​ការងារ​ពីរ​ចំណុច​សំខាន់ៗ គឺ​ទី​១ រក​វិធី​ទប់​ស្តា​ត់​ការប្រកួតប្រជែង មិន​ស្មោះត្រង់ គ្មាន​តម្លាភាព នៃ​ការហូរចូល​អង្ករ​ពី​ប្រទេសជិតខាង ដែល​នាំ​ឲ្យ​អាជីវកម្ម​ក្នុងស្រុក​ជួប​បញ្ហា ឈានទៅដល់​ការបិទទ្វារ​និង​ទី​២ គឺ​ការស្នើ​កញ្ចប់​ថវិកា ពី​រាជរដ្ឋាភិបាល យកមកប្រើ​ប្រាស់ ដើម្បី​ជួយ​ដល់​សមាជិក ដែល​រួមមាន​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ​អង្ករ​ជាដើម ដែល​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ ឲ្យ​ពួកគាត់​អាច​ទទួលបាន​កម្ចី បន្ត​អាជីវកម្ម​របស់ខ្លួន​តទៅទៀតបាន​។​

    លោក សុខ ពុទ្ធិីវុ​ធ បន្តទៀតថា ការទប់ស្កាត់​ការ​នាំចូល​អង្ករ ពី​ប្រទេសជិតខាង​នោះ គឺ​សហព័ន្ធ​នឹង​ស្នើ​ទៅដល់​រាជរដ្ឋាភិបាល កំណត់​នៅ​ច្បាប់​ឲ្យ​មាន​កូតា​កំណត់​ការនាំ​ចូល​ឲ្យ​បានច្បាស់លាស់ ដោយ​កំណត់​ឲ្យ​ក្រុមហ៊ុន​នាំចូល​អង្ករ​មក​កម្ពុជា ត្រូវមាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ ហើយ​បង់ពន្ធ​គ្រប់​ចំនួន មិនមាន​ការបន្លំ និង​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​នោះឡើយ​។​

      លោក​ប្រធាន​សហព័ន្ធ​បន្តទៀតថា សហព័ន្ធ​នឹង​ស្នើសុំ​ការចូល​រួមជាមួយ ធនាគារ​អភិវឌ្ឍ​ជនបទ (RDB) របស់​រាជរដ្ឋាភិបាល ដើម្បី​អាច​ទម្លាក់​នូវ​ហិរញ្ញប្បទាន ទឹកប្រាក់​ប្រមាណ​ពី​២០​ទៅ​៤០​លាន​ដុល្លារ ជួយ​ដល់​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ ឲ្យ​ទទួលបាន​ថវិកា​នេះ​យកទៅ​ទ្រទ្រង់​អាជីវកម្ម​របស់ខ្លួន​។ 

   លោក​ឧកញ៉ា ភូ ពុ​យ បាន​លើកឡើងថា នៅ​បញ្ហា​ប្រឈម របស់​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា ដោយសារ​តែមាន​ការនាំ​ចូល​អង្ករ​ពី​ប្រទេសជិតខាង ក្នុងនោះ​បានធ្វើ​ឲ្យ​រោង​ម៉ាស៊ីន កិនស្រូវ បិទទ្វារ​មួយចំនួន ព្រោះថា​ពួកគាត់​មិនអាច​ប្រកួតប្រជែង តម្លៃ​របស់​អង្ករ​នាំចូល​ពី​ប្រទេសជិតខាង​បាន​។​

     លោក​ឧកញ៉ា គឹម សាវុធ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា ចំពោះ​ការកំណត់​ចំនួន ការនាំ​អង្ករ​ពី​ប្រទេសជិតខាង គឺ​មិនអាច​កំណត់​ចំនួន​បាន​នោះទេ ប៉ុន្តែ​បើតាម​ស្រាវជ្រាវ​ក្រៅផ្លូវការ ក្នុង​មួយឆ្នាំៗ​អាចមាន​អង្ករ​នាំចូល​ពី​ប្រទេសជិតខាង ប្រមាណ​ចំនួន​ជាង​១​លាន​តោន ដែល​ចំនួន​នេះ​ច្រើនជាង ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅ​ក្រៅប្រទេស ហេតុនេះហើយ​បានជា​ធ្វើ​ឲ្យ​អាជីវកម្ម ក្នុងស្រុក​ចេះតែ​បន្ត​បិទទ្វារ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់