ក្លឹប Inter Milan កំពុងតាមឃ្លាំមើលស្ថានភាពរបស់លោក Antonio Conte និងលោក Jose Mourinho ខណៈក្លឹបនេះមានគម្រោងស្វែងរកអ្នកស្នងតំណែងពីលោក Luciano Spallettiដែលកំពុងរងសម្ពាធ។
លោក Spalletti កំពុងស្ថិតក្រោមការតាមដាន បន្ទាប់ពីក្រុម Inter Milan បានខ្ទាតចេញពីការប្រកួតក្របខណ្ឌ CL និងក្របខណ្ឌ Europa League នៅរដូវកាលនេះ។
ស្របពេលលោក Conte និងលោក Mourinho សុទ្ធតែនៅទំនេរដូចគ្នា ហើយក្លឹបនេះកំពុងតែពិចារណានាំយកម្នាក់ក្នុងចំណោមគ្រូបង្វឹកទាំងពីរ ដើម្បីស្នងតំណែងជាអ្នកចាត់ការ។
លោក Conte នៅទំនេរ ចាប់តាំងពីចាកចេញពីក្លឹប Chelseaប៉ុន្តែគ្រូបង្វឹកអ៊ីតាលីរូបនេះកំពុងមានបញ្ហាជម្លោះផ្លូវច្បាប់ជាមួយក្លឹប Chelsea ជុំវិញបញ្ហាប្រាក់សំណង។
ចំណែកលោក Mourinho មិនទាន់ទទួលយកការងារថ្មីណាមួយទេ ចាប់តាំងពីត្រូវក្លឹប Man Utd បណ្តេញចេញកាលពីខែធ្នូមក។ប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះនៅតែជាវីរបុរសរបស់ក្លឹប Inter Milan នៅឡើយ បន្ទាប់ពីលោកធ្លាប់ជួយពួកគេលើកពានបីដ៏ល្បីល្បាញកាលពីឆ្នាំ២០១០ ហើយលោកក៏ជាជម្រើសដ៏មានប្រជាប្រិយក្នុងចំណោមអ្នកគាំទ្រផងដែរ៕
