01c74186 ab77 4004 b931 8219bc6b2ec5

រថយន្ត​ដឹក​ដី​បុក​និង​កិន​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាៗ​

    បាត់ដំបង ៖ រថយន្ត​ដឹក​ដី​មួយគ្រឿង​បើក​ជែង​អ្នកជិះ​ម៉ូតូ ក៏​ជ្រុល​ទៅបុក​អ្នកបើក​ម៉ូតូ ដែល​កំពុង​បើកបរ​ខាងឆ្វេង​ដៃ​ពេញទំហឹង​ហើយ​កិន​ពីលើ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​អូរ​ទន្ទឹង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

    ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ដី​ដែល​កិន​ជនរងគ្រោះ ជា​របស់​ក្រុមហ៊ុន​មួយ កំពុង​ស្ថាបនា​ផ្លូវ​លេខ​១៥៥៧ ចាប់ពី​រង្វង់​មូល​ភូមិ​ភ្ជា​វ ឆ្ពោះទៅកាន់​ច្រក​តំបន់​៤០០ ស្ថិតក្នុង​ស្រុក​សំឡូត ខេត្តបាត់ដំបង​។

   ប្រភព​បន្តថា នៅមុន​ពេល​កើតហេតុ​រថយន្ត​បង្ក​បើក​ជែង​នឹង​ម៉ូតូ នៅ​ចំណុចកើតហេតុ​នោះ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង ពីក្រោយ​យ៉ាង​ពេញទំហឹង ខណៈ​កំពុង​បើកបរ​ក្បែរ​ចិញ្ចើមផ្លូវ​ខាងឆ្វេង​ដៃ រួច​កិន​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​តែម្ដង​។​

    ប្រភព​បាន​បន្តថា អ្នកបើកបរ​ម៉ូតូ​ទំនងជា​ទើបនឹង​ចេញពី​បង់ថ្លៃ​ភ្លើង ហើយ​ធ្វើដំណើរ​ទៅផ្ទះ​នៅ ភូមិ​សំឡូត​ចាស់​ដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្តបុក​តែម្ដង​។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​។​

    ដោយឡែក​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ហើយ​សមត្ថកិច្ច​បាននិងកំពុង​រង់ចាំ​សាច់ញាតិ​បងប្អូន​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់