Messi សារភាពថា "នឹក Ronaldo" ស្ទើរស្លាប់ និងបន់ឱ្យរូបគេកំពុងនៅលេងនៅក្របខ័ណ្ឌ La Liga

Lionel Messi និយាយថា គាត់នឹកគូប្រជែងដ៏ស្វិតស្វាញរបស់ខ្លួន Cristiano Ronaldo និងឱ្យតម្លៃថាអតីតអតីតខ្សែប្រយុទ្ធកំពូលរបស់អធិរាជស Real Madrid រូបនេះ បានផ្តល់ "កិត្យានុភាព" ដល់លីកកំពូលអេស្ប៉ាញ La Liga។

បន្ទាប់ពីជួយដល់អធិរាជឈ្នះពានកំពូលក្លឹបអឺរ៉ុប Champions League បួនសម័យកាលក្នុងរយៈពេលប្រាំឆ្នាំ Ronaldo បានចាកចេញពីក្លឹបមួយនេះ និងចូលរួមជាមួយនឹងក្លឹបយក្សអ៊ីតាលីសេះបង្កង់ Juvetus នៅក្នុងខែកក្កដាឆ្នាំមុន។

Ronaldo បានបន្តភាពលេចធ្លោររបស់ខ្លួនសម្រាប់ការប្រកួតប្រជែងកំពូលក្នុងអឺរ៉ុប ជាមួយនឹងគ្រាប់បាល់បីគ្រាប់ទល់នឹង Atletico Madrid ដោយបានជួយឱ្យសេះបង្កង់មានសំណាងបន្តទៅកាន់ជុំបន្ទាប់វគ្គប្រាំបីក្រុមចុងក្រោយ។

យ៉ាងណាមិញ Real Madrid បច្ចុប្បន្នមាន ១២ពិន្ទុតាមពីក្រោយកំពូលតារាង Laliga ក្រុម Barcelona ហើយ Messi បានលើកឡើងថា គាត់ពិតនឹកការប្រកួតប្រជែងដែលផ្តល់ដោយ Ronaldo។

Messi បានប្រាប់ទៅវិទ្យុ FM Club 947 ក្នុងប្រទេសអាហ្សង់ទីនថា "ខ្ញុំនឹក Ronaldo។ ថ្វីត្បិតវាពិតជាលំបាកបន្តិចមែនក្នុងការឃើញគាត់ឈ្នះពានក៏ដោយ ក៏ប៉ុន្តែគាត់បានផ្តល់ដល់ La Liga នូវកិត្យានុភាព។ Juventus គឺជាបេក្ខភាពមួយដ៏ពិសេសក្នុងការឈ្នះពាន Champions League ចាប់តាំងពីការមកដល់របស់ Cristiano ហើយការប្រកួតទល់នឹង Atletico ច្បាស់ជាបានផ្តល់ឱ្យពួកគេនូវទំនុកចិត្តជាច្រើន"។

បន្ថែមពីនេះ ពេលដែលគេចោទសួរថាតើនរណាខ្លះគឺជាខ្សែប្រយុទ្ធកំពូលទាំងប្រាំនាពេលបច្ចុប្បន្ន Messi បានតបទៅវិញថា "ខ្ញុំមិនចង់បំភ្លេចនរណាម្នាក់ឡើយ ប៉ុន្តែខ្ញុំគិតថា Neymar, [Kylian] Mbappe, [Eden] Hazard, Luis Suarez និង [Sergio] Aguero គឺល្អបំផុត"។ គាត់បានបន្ថែមថា "ខ្ញុំមិនបានលើកឈ្មោះ Cristiano ដោយសារតែខ្ញុំយកគាត់ចេញពីបញ្ជីជាមួយខ្ញុំ"៕
 

adverise with khmeread