ភ្ញាក់ផ្អើល! សិស្សអាមេរិកជាង ១២០០ នាក់ប្រហែលជាបានឆ្លងហ៊ីវនិងជំងឺថ្លើមនៅគ្លីនិកធ្មេញក្នុងសាលារៀនរបស់ពួកគេនៅរដ្ឋវ៉ាស៊ីនតោន

សិស្សជាង ១.២០០ នាក់នៅក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន ប្រហែលជាបានឆ្លងជំងឺជាច្រើន ដូចជា ជំងឺរលាកថ្លើម និងវីរុសហ៊ីវនៅគ្លីនិកធ្មេញ ដែលមានមូលដ្ឋាននៅក្នុងសាលារៀនចំនួន ១២ កន្លែង។ នេះបើយោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៤ មេសា ២០១៩។

គ្លីនិក Neighborcare Health ដែលជាអ្នកផ្តល់សេវាគ្លីនិកព្យាបាលធ្មេញ បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅឪពុកម្តាយសិស្សថា ឧបករណ៍ព្យាបាលធ្មេញមួយចំនួនត្រូវបានស្ងោររំងាប់មេរោគរួចហើយ ប៉ុន្តែមិនបានស្ងោររំងាប់មេរោគឱ្យបានត្រឹមត្រូវ។

សារព័ត៌មាន KING 5 បានរាយការណ៍ថា នេះអាចបណ្តាលឱ្យបាក់តេរីនិងអង្គធាតុរាវក្នុងរាងកាយពីអ្នកជំងឺជ្រៀតចូលទៅក្នុងបំពង់នៃឧបករណ៍ធ្វើធ្មេញ។

សិស្សនៅទីក្រុង Seattle អាចឆ្លងមេរោគរួចទៅហើយនៅមុនថ្ងៃទី ៤ ខែមីនា ខណៈដែលកុមារនៅកោះ Vashon នៅក្បែរនោះ ​ប្រហែលជាបានឆ្លងរោគតាំងពីចន្លោះខែកញ្ញាឆ្នាំ ២០១៧ និងខែមីនាឆ្នាំ ២០១៨។

យោងតាមសេចក្តីថ្លែងការណ៍មួយពីគ្លីនិក Neighborcare Health បានឱ្យដឹងថា ឧបករណ៍ធ្វើធ្មេញត្រូវបានលាងសម្អាតដោយទឹក CaviCide ដែលជាថ្នាំសម្លាប់មេរោគ។

ស្លាកសញ្ញាផលិតផល CaviCide អះអាងថាក្នុងរយៈពេលពីរនាទីវាអាចសម្លាប់មេរោគដែលទាក់ទងនឹងហ៊ីវនិងជំងឺរលាកថ្លើមប្រភេទ B និង C ។

ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកមិនបានដាក់ឧបករណ៍ធ្វើធ្មេញទាំងនោះនៅក្នុងបំពង់ Autoclave ដែលជាបន្ទប់សម្អាតឧបករណ៍នោះទេ ដោយធ្វើឱ្យឧបករណ៍ទាំងនោះប៉ះនឹងចំហាយពីខាងក្រៅ។ បើតាមគោលការណ៍របស់គ្លីនិក Neighborcare Health ការស្ងោររំងាប់មេរោគរបៀបនេះគឺមិនត្រឹមត្រូវទេ។

គ្លីនិកនេះបាននិយាយថា បញ្ហានេះត្រូវបានរកឃើញកាលពីថ្ងៃទី ៤ ខែមីនា ហើយចាប់តាំងពីពេលនោះមក ខ្លួនបានបណ្តុះបណ្តាលបុគ្គលិកធ្មេញ ដែលមានមូលដ្ឋាននៅតាមសាលារៀនអំពីរបៀបអនុវត្តអនាម័យឱ្យបានត្រឹមត្រូវ។

គ្លីនិកនេះក៏នឹងផ្តល់ជូននូវការធ្វើតេស្តដោយឥតគិតថ្លៃផងដែរដល់អ្នកជំងឺទាំងអស់ចំនួន ១.២៥០ នាក់ ដែលអាចនឹងឆ្លងហ៊ីវនិងជំងឺរលាកថ្លើម៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...