ញាក់សាច់! ប្រពន្ធរបស់ប្រធានក្រុមហ៊ុន Amazon គ្រាន់តែលែងលះគ្នាភ្លាមក្លាយជាមហាសេដ្ឋីស្រីមានជាងគេលំដាប់ទី៣លើពិភពលោក

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងប្រពន្ធរបស់គាត់គឺលោកស្រី MacKenzie បានដោះស្រាយរួចរាល់ហើយនូវការលែងលះគ្នាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍ទី៤មេសា ដោយទុកឱ្យគាត់នូវភាគហ៊ុនរបស់អ្នកទាំងពីរក្នុងក្រុមហ៊ុនចំនួន ៧៥ ភាគរយ និងផ្តល់ឱ្យប្រពន្ធជិត ៣៦ ពាន់លានដុល្លារ។

លោកស្រី MacKenzie Bezos បាននិយាយថា លោកស្រីនឹងផ្តល់ភាគហ៊ុនទាំងអស់របស់លោកស្រីនៅកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍និងក្រុមហ៊ុនរុករកអវកាស Blue Origin ទៅស្វាមីរបស់លោកស្រី ដែលជាមហាសេដ្ឋីលេខ១លើពិភពលោក និងសិទ្ធិគ្រប់គ្រងលើការបោះឆ្នោតនៅក្នុងភាគហ៊ុននៅសេសសល់របស់លោកស្រីនៅក្នុងក្រុមហ៊ុន Amazon ។

លោក Jeff Bezos អាយុ ៥៥ ឆ្នាំនិងលោកស្រី MacKenzie អាយុ ៤៨ ឆ្នាំដែលជាអ្នកនិពន្ធរឿងប្រលោមលោក បានរៀបការនៅឆ្នាំ ១៩៩៣ និងមានកូនបួននាក់។ លោក Jeff Bezos បានបង្កើតក្រុមហ៊ុន Amazon នៅក្នុងយានដ្ឋានមួយនៅទីក្រុង Seattle របស់ពួកគេក្នុងឆ្នាំ ១៩៩៤ និងបានប្រែក្លាយវាទៅជាមហាក្រុមហ៊ុនយក្ស ដែលគ្របដណ្តប់លើការលក់រាយតាមអនឡាញ។

នៅក្នុងការដាក់ពាក្យមួយទៅកាន់គណៈកម្មការមូលប័ត្រអាមេរិក ក្រុមហ៊ុន Amazon ដែលមានមូលធនកម្មទីផ្សារចំនួន ៨៩០ ពាន់លានដុល្លារបាននិយាយថា លោកស្រី MacKenzie នឹងគ្រប់គ្រងភាគហ៊ុនប្រភេទ Outstanding ចំនួន ៤ ភាគរយរបស់ក្រុមហ៊ុន។

បើគិតតាមតម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមហ៊ុន Amazon វាមានតម្លៃសរុបខ្ទង់ ៣៥,៦ ពាន់លានដុល្លារ។

យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា ការលែងលះគ្នានេះធ្វើឱ្យលោកស្រី MacKenzie ក្លាយជាមហាសេដ្ឋីស្រីមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពីលោកស្រី Francoise Bettencourt Meyers អ្នកស្នងមរកតក្រុមហ៊ុន L'Oreal និងលោកស្រី Alice Walton ម្ចាស់ក្រុមហ៊ុន Walmart៕ 
 

adverise with khmeread
tiger
Loading ad ...