លោក Louis van Gaal បានព្យាយាមបន្ថយកម្តៅមុនការប្រកួតក្នុងក្របខ័ណ្ឌ Europa League ជាមួយសត្រូវចាស់វស្សា Liverpool ក្នុងរាត្រីនេះដោយអះអាងថាគូប្រជែងរបស់គាត់មួយនេះមិនមែនជាសត្រូវនោះទេ។
គ្រូបង្វឹកបិសាចក្រហម Manchester United បច្ចុប្បន្នរូបនេះ មានកំណត់ត្រាល្អជាមួយហង្សក្រហមអំឡុងពេលគាត់ដឹកនាំក្រុមនៅទីក្រុងម៉ាន់ឆេស្ទើមួយនេះ ដោយឈ្នះ Liverpool បួនប្រកួតក្នុងក្របខ័ណ្ឌ Premier League និងបានបំបាក់ពួកគេក្នុងការប្រកួតមិត្តភាព International Champions Cup ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Miami កាលពីឆ្នាំ ២០១៤ ថែមទៀតផង។
គាត់បាននិយាយថា "មនុស្សមួយចំនួនគិតថា Liverpool ជាសត្រូវរបស់យើង។ ខ្ញុំមិនគិតដូច្នោះទេ! ខ្ញុំកំពុងតែគិតថា ពួកគេជាគូប្រកួតមួយហើយយើងចង់បំបាក់ពួកគេ។ សម្រាប់ខ្ញុំ ខ្ញុំពិតជាចង់ឈ្នះរាល់ការប្រកួតខ្លាំងណាស់ ហើយនៅពេលដែលខ្ញុំចាញ់ ខ្ញុំពិតជាខកចិត្តខ្លាំង។ អ្នកអាចឃើញវាតាមរយៈភាសាកាយវិការរបស់ខ្ញុំ។ វាពិតជាបង្ហាញយ៉ាងច្បាស់ណាស់។ វាពិតជាល្អដែល United បានបំបាក់ Liverpool ជាច្រើនលើកច្រើនសារ"។
គួរបញ្ជាក់ផងដែរថា បីប្រកួតដែលលោក Van Gaal បានដឹកនាំឈ្នះក្រុមហង្សក្រហមនោះ គឺនៅពេលដែលលោក Brendan Rodgers នៅជាគ្រូបង្វឹក Liverpool នៅឡើយ និងមួយប្រកួតគឺក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Jurgen Klopp៕
