នារី២នាក់បានស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ដោយសារសាំងយ៉ុងបុកជាមួយវីស្តូ

បន្ទាយមានជ័យ ៖ នារី២នាក់បានស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ រវាងរថយន្តម៉ាកសាំងយ៉ុង បុកគ្នាជាមួយរថយន្តវីស្តូ នៅលើកំណាត់ផ្លូវជាតិលេខ៦  ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៨-៣៧៩ នៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

​ប៉ូលិសនិយាយថា​ ដំបូងមានរថយន្តម៉ាកសាំងយ៉ុង ដឹកប្រហិត ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-0392 បើកបរដោយឈ្មោះ សា​រ ភេទប្រុស នៅស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត និងមានអ្នករួមដំណើរម្នាក់។ 

​លុះបើកមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តម៉ាកវីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-6732 បើកបរដោយឈ្មោះ កែវ សុភត្រា អាយុ២៣ឆ្នាំ ភេទស្រី នៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរពីទិសខាងកើតទៅទិសខាងលិច មានអ្នករួ​មដំណើរស្រីម្នាក់។

​ប៉ូលិសបន្តថា ករណីខាងលើនេះគឺបង្កដោយរថយន្តសាំងយ៉ុង បើកវ៉ាជែងរថយន្ត១គ្រឿងទៀត បានជ្រុលចង្កូតទៅបុកជាមួយរថយន្តម៉ាកវីស្តូន បណ្តាលឱ្យខ្លួនឯងរងរបួសធ្ងន់ (​​អ្នកបើកបររថយន្តសាំងយ៉ុង) និងអ្នករួមដំណើរម្នាក់ឈ្មោះ ចិត្រ សម្ព័ន្ធ អាយុ៤៨ឆ្នាំ ភេទប្រុស នៅភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង របួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ទាំង២នាក់។

​ចំណែកអ្នកបើកបររថយន្តវីស្តូន បានស្លាប់ និងអ្នករួមដំណើរស្លាប់ឈ្មោះ យ៉ុត ម៉ៃ អាយុ១៩ឆ្នាំ ភេទស្រី នៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ កែវ​ សុខបញ្ញា អាយុ២៥ឆ្នាំ ភេទប្រុស នៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត របួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​។ 

​ចំពោះវត្ថុតាង ដែលទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញប៉ូលិសចរាចរណ៍ស្រុ​​ក បានយកមករក្សាទុកនៅអធិការដ្ឋានស្រុកអូរជ្រៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...