ប្រើកាំបិតផ្គាក់គំរាមប្លន់យកម៉ូតូត្រូវបានប៉ូលិសខណ្ឌច្បារអំពៅវ៉ៃខ្នោះបាន២នាក់

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពដោយប្រើកាំបិតផ្គាក់គំរាមប្លន់យកម៉ូតូ​ នៅមុខដីឡូត៍គ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅត្រូវបានប៉ូលិសខណ្ឌច្បារអំពៅវ៉ៃខ្នោះ កាលពីថ្ងៃទី ១៤មេសាឆ្នាំ២០១៩ ម៉ោង០១ រំលងអធ្រាត្រ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ​ មៀច​ ថាវរ៉ា ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។​ 

ចំណែកជនសង្ស័យសមគំនិត២នាក់រួមមាន​ ១-ឈ្មោះ ថាច ឧត្តម​ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និង២-ឈ្មោះ ​ទួន​ រ៉ាហ្សង់ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅ​ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា​ កាលពីថ្ងៃទី ១៤ មេសា ២០១៩ ម៉ោង០១អធ្រាត្រ ជនរងគ្រោះ​ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១AP-៧៣៩៨ ជូនមិត្តភក្តិទៅផ្ទះ​។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះ​ ចក់​ វិចិត្រ​ និងឈ្មោះ ណៃ ដើរមកដល់យកកាំបិតផ្គាក់គំរាមរកកាប់ជនរងគ្រោះ​។ 

ពេលនោះជនរងគ្រោះ និងមិត្តភក្តិភ័យចុះពីលើម៉ូតូរត់គេចខ្លួន ជនសង្ស័យក៏យកម៉ូតូជិះជនរងគ្រោះទៅជួបបក្ខពួក២នាក់ទៀត ឈ្មោះ​ ថាច​ ឧត្តម​ និងឈ្មោះ​ទួន​ រ៉ាហ្សង់​ ឱ្យជិះម៉ូតូម៉ាកខាងលើយកទៅបញ្ចាំគេ​។ ពេលមកដល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ក៏ត្រូវបានជនរងគ្រោះឃើញម៉ូតូស្រែកចោរៗ ក៏មានសមត្ថកិច្ចខណ្ឌចំការមនជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងម៉ូតូជនរងគ្រោះ ប្រគល់ឱ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...