បុរសម្នាក់បានបាត់បង់ជីវិត និង២នាក់របួសធ្ងន់​ ខណៈបើកម៉ូតូធ្លាក់ផ្លូវបុកបង្គោលខ្សែកាបអុបទិច

បន្ទាយមានជ័យ​ ៖​ បុរសម្នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង​ ដោយបើកម៉ូតូវង្វេងផ្លូវជាតិធ្លាក់ខុសផ្លូវហើយជ្រុល ទៅបុកបង្គោលខ្សែកាបអុបទិច។

​គ្រោះថ្នាក់នេះបានកើតឡើងនៅចន្លោះម៉ោង១​ ទៅម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៣៩៣-០៣៩៤ ដែលស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ​ ឈូក សុវ៉ាត ភេទប្រុស អាយុ​ ៣៨ឆ្នាំ នៅភូមិគោកលុន (ភូមិថ្មី) ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាអ្នករួមដំណើរត្រូវជាបងថ្លៃ របស់អ្នកបើកបរម៉ូតូឈ្មោះ ចិ ថាវី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិគោកលុន (ភូមិថ្មី) ឃុំជប់វារី ស្រុកព្រះនេត្រព្រះ រងរបួសធ្ងន់។ ម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ​ 1M-4145 និងអ្នករួមដំណើរម្នាក់ទៀតត្រូវជាក្មួយឈ្មោះ វ៉ាន់ សាវឿត ភេទស្រី អាយុ១២ឆ្នាំ នៅភូមិជាមួយ​ រងរបួសស្រាល។

​ប៉ូលិសបន្តថា​ ​មុនពេលកើតហេតុ អ្នកបើកម៉ូតូបានធ្វើដំណើរក្នុងទិសដៅពីខាងកើតទៅលិចសង្ស័យមានសារជាតិស្រវឹង។ ពេលមកដល់ចំណុចកើតហេតុ បានធ្លាក់ពីលើទ្រូងផ្លូវទៅបុកនឹងបង្គោលខ្សែកាបអុបទិច នៅខាងជើងផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់មានអ្នកស្លាប់​ និងរងរបួសធ្ងន់ ស្រាល។​ ម៉ូតូខូចខាតធ្ងន់ផ្នែកខាងមុខ ចំពោះអ្នករងរបួសចំនួន២នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ។ 

​ចំណែកជនរងគ្រោះដែលស្លាប់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...