ប្តីប្រច័ណ្ឌប្រពន្ធ កើតជាជម្លោះទិញប្រេងសាំងដុតផ្ទះចោលឆេះអស់ទាំងស្រុង

បន្ទាយមានជ័យ ៖ ប្តីប្រច័ណ្ឌប្រពន្ធ កើតជាជម្លោះទិញប្រេងសាំងដុតផ្ទះចោលឆេះអស់ទាំងស្រុងសល់តែឆ្អឹងស័ង្កសី បង្កការភ្ញាក់ផ្អើល ហើយអ្នកបង្កជិះម៉ូតូរត់គេចខ្លួនបាត់បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ វេលាម៉ោង១០ និង៣០នាទីយប់ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

​លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការស្រុកមង្គលបូរី បានឱ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះនោះឈ្មោះ យុត ស៊ីណាត ភេទស្រី អាយុ៣៨ឆ្នាំជាប្រពន្ធនិង ប្តីឈ្មោះ ភួន ដា អាយុ៣៨ឆ្នាំ មានកូនប្រុសតូចម្នាក់ក្នុងបន្ទុកគ្រួសារនេះ នៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ផ្ទះដែលឆេះ គឺផ្ទះសង់ផ្ទាល់ដី ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំ ៥ម៉ែត្រគុណ ៧ម៉ែត្រ។

​បើតាមការសាកសួរព័ត៌មានពីស្ត្រី ដែលជាម្ចាស់ផ្ទះបាននិយាយថា មូលហេតុដែលបង្កឱ្យឆេះនោះ គឺដោយសារប្តីរបស់នាង គាត់ប្រច័ណ្ឌនឹងគាត់ ដោយបានចោទប្រកាន់ថា នាងមានសាហាយស្មន់ក៏ក្លាយជាជម្លោះរ៉ាំរ៉ៃយូរមកហើយ ហើយរឿងនេះនៅយប់ថ្ងៃកើតហេតុ ក៏បានកើតជាជម្លោះនឹងគ្នាកើតជាហិង្សា។ ប្តីរបស់នាងក៏យកសាំង១លីត្រ និងប្រេងម៉ាស៊ីនចាក់ដុតផ្ទះឆាបឆេះអស់ទាំងស្រុង ក្រោយពីបង្កហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់។

​ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំងចំនួន៨នាក់ នាំយករថយន្តពន្លត់អគ្គីភ័យ ចុះមកជួយអន្តរាគមន៍ តែពេលមកដល់ផ្ទះត្រូវបានអគ្គីភ័យឆាបឆេះអស់ទៅហើយ។ តែក្នុងនោះក៏ប៉ូលិសបានបាញ់ទឹកអស់១ឡាន ដើម្បីពន្លត់កុំឱ្យមានការរាលដាលទៅឆេះផ្ទះអ្នកជិតខាងបន្ថែមទៀត។ តាមការបញ្ជាក់ពីស្ត្រីឈ្មោះ យុត ស៊ីណាត បានប្រាប់ថា សម្ភារៈក្នុងផ្ទះ និងឈើចំនួន២គូប ទុកសម្រាប់សង់ផ្ទះនោះត្រូវឆេះអស់ គិតជាទឹកប្រាក់ចំនួន៦លានរៀល។ 

​គួររំលឹកថា​ កាលពីថ្ងៃចូលឆ្នាំ យប់ថ្ងៃទី១ បុរសជាបងខឹងនឹងប្អូនប្រុសខ្លួន យកឡានរបស់ខ្លួនជិះដើរលេងដោយគ្មានការអនុញាតិ ពេលប្អូនត្រឡប់មកផ្ទះវិញកើតមានជម្លោះពាក្យសំដីនឹងគ្នា ក្លាយជាហិង្សាទៅចងអត្តឃាតជាប់នឹងឡាន ក៏ដុតឡានរបស់ខ្លួនចោលឆេះហ្មត់សល់តែគ្រោងឆ្អឺង ​នៅក្រុងសិរីសោភ័ណ​៕                               

adverise with khmeread
tiger
Loading ad ...