តៃកុងតាក់ស៊ីងងុយដេកបើកឡានធ្លាក់ផ្លូវរបួសរណូករណែល១៦នាក់នៅស្រុកពួក

​សៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធ្លាក់ផ្លូវកើតហេតុចំណុចផ្លូវជាតិលេខ៦ បង្គោលភ្លើងលេខ០៩៩៣ ស្ថិតក្នុងភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាបនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៥ព្រឹកនេះបណ្តាលឱ្យរបួសរណូករណែល១៦នាក់​។ 

លោកវរៈសេនីយ៍ឯក ទេព ពុំសែន អធិការប៉ូលិសស្រុកពួក បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយរថយន្តសាំងយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2B-0069 ដឹកអ្នកដំណើរពីខេត្តត្បូងឃ្មុំ ទៅកាន់ក្រុងប៉ោយប៉ែត បើកពីកើតទៅលិច។ 
​      លុះដល់ចំណុចកើតហេតុបានបើកខុសផ្លូវទៅបុកគល់សង្កែបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់និងមធ្យម៣នាក់ (ស្រី៤នាក់) និងរងរបួសស្រាលចំនួន១២នាក់ (ស្រី៥នាក់ប្រុស៧នាក់) បណ្តាលឱ្យខូចខាតរថយន្តមធ្យម។ មូលហេតុបើកបរស្ថានភាពងងុយដេកហើយងក់ទើប បណ្តាលឱ្យធ្លាក់ផ្លូវអ្នកបើកបរពុំស្គាល់អត្តសញ្ញាណនិងបន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់។ 

​ក្រោយពេលកើតហេតុកម្លាំងប៉ូលិសជំនាញស្រុកបានចុះវាស់វែងកន្លែងកើតហេតុកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋានស្រុក។ ឯជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពសសរស្តម្ភ មន្ទីរពេទ្យបង្អែកពួក និងពេទ្យឯកជន ក្នុងក្រុងសៀមរាប៕


 

adverise with khmeread
tiger
Loading ad ...