​ប៉ូលិសស្រីលង្កាចាប់ខ្លួនជនសង្ស័យ ៧ នាក់ក្នុងការបំផ្ទុះគ្រាប់បែកកក្រើកពេញប្រទេស បណ្តាលឱ្យស្លាប់ជាង ២០០នាក់ របួសជាង ៥០០នាក់

យោងតាមរបាយការណ៍នានាបានឱ្យដឹងថាមេប៉ូលិសស្រីលង្កាបានព្រមានអំពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅលើវិហារគ្រិស្តលេចធ្លោជាច្រើនកន្លែងពីសំណាក់ក្រុមជ្រុលនិយមអ៊ីស្លាម ១០ ថ្ងៃ មុនការវាយប្រហារថ្ងៃទី២១មេសាបានកើតឡើង ដែលបានសម្លាប់មនុស្ស ២០៧ នាក់។

រហូតមកទល់ពេលនេះ ជនសង្ស័យ ៧ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការបំផ្ទុះគ្រាប់បែកបានវាយប្រហារសណ្ឋាគារលំដាប់ខ្ពស់ និងព្រះវិហារគ្រិស្តផ្តល់សេវាសម្រាប់ពិធីបុណ្យ Easter នៅស្រីលង្កាកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមនុស្សជាង ៥០០ នាក់រងរបួស។

មូលហេតុនៃការបំផ្ទុះគ្រាប់បែកនេះមិនទាន់ដឹងភ្លាមៗនៅឡើយទេ ហើយក៏ពុំមានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវនោះដែរមកទល់ឥឡូវនេះ ស្របពេលដែលប្រទេសនេះនៅតែខ្លាចស្រមោលសង្គ្រាមស៊ីវិលពីឆ្នាំ ១៩៨៣ដល់ឆ្នាំ២០០៩ នៅពេលពួកឧទ្ទាមខ្លាតាមិលប្រយុទ្ធដើម្បីបង្កើតប្រទេសឯករាជ្យ។

ថ្មីៗនេះការបែកចែកសាសនាបានផ្ទុះឡើងនៅក្នុងប្រទេសនេះ ដែល ៧០% ជាពុទ្ធសាសនិក ១៣% ជាហិណ្ឌូ ១០% ជាអ្នកកាន់សាសនាអ៊ីស្លាម និង ៧% ជាគ្រិស្តសាសនិក។ នេះបើយោងតាមការធ្វើជំរឿនឆ្នាំ ២០១២ ។

ឯកសារនានាដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មាន AFP បានបង្ហាញថា មេប៉ូលិសស្រីលង្កាលោក Pujuth Jayasundara បានចេញសេចក្តីព្រមានអំពីការស៊ើបការណ៍សម្ងាត់ជាមួយមន្រ្តីជាន់ខ្ពស់កាលពី ១០ ថ្ងៃមុន ដោយព្រមានថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតគ្រោងនឹងវាយប្រហារលើព្រះវិហារគ្រិស្តល្បីល្បាញ។

ការព្រមាននោះលើកឡើងថា "ទីភ្នាក់ងារស៊ើបការណ៍បរទេសមួយបានរាយការណ៍ថា ក្រុម NTJ (National Thowheeth Jama'ath) កំពុងរៀបចំផែនការវាយប្រហារអត្តឃាតលើវិហារគ្រិស្តលេចធ្លោ ជាពិសេសស្ថានទូតឥណ្ឌានៅរដ្ឋធានីកូឡុំបូ"។

NTJ គឺជាក្រុមមូស្លីមជ្រុលនិយមនៅក្នុងប្រទេសស្រីលង្កា ដែលត្រូវបានផ្សាភ្ជាប់កាលពីឆ្នាំមុនទៅនឹងការបំផ្លិចបំផ្លាញបដិមាព្រះពុទ្ធសាសនា។

ការបំផ្ទុះគ្រាប់បែកលើកដំបូងត្រូវបានគេរាយការណ៍នៅព្រះវិហារ St Anthony ដែលជាព្រះវិហារកាតូលិកល្បីឈ្មោះនៅក្នុងរដ្ឋធានីកូឡុំបូ។

ការបំផ្ទុះគ្រាប់បែកទី ២ បន្ទាប់មកត្រូវបានធ្វើឡើងនៅឯព្រះវិហារ St Sebastian ស្ថិតនៅទីក្រុង Negombo ភាគខាងជើងរដ្ឋធានី។

មិនយូរប៉ុន្មានប៉ូលិសបានបញ្ជាក់ថាវិហារទីបីនៅក្នុងទីក្រុង Batticaloa ត្រូវបានវាយប្រហារ រួមជាមួយនឹងសណ្ឋាគារលំដាប់ខ្ពស់ចំនួនបីនៅក្នុងរដ្ឋធានី។

ប្រភពរបស់មន្ទីរពេទ្យបាននិយាយថាពលរដ្ឋអង់គ្លេស ហូឡង់ និងអាមេរិក ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈជនជាតិអង់គ្លេស និងជប៉ុនស្ថិតក្នុងចំណោមអ្នករងរបួសនៅក្នុងការវាយប្រហារនេះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត