ប្រពន្ធស្លាប់ចោលប្តីដោយសារជួបគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ចោមចៅទី២

ភ្នំពេញ​ ៖ នារីម្នាក់ត្រូវជាប្រពន្ធបានដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ឯបុរស​ជាប្ដីរងរបួសស្រាល បន្ទាប់មកពីលេងផ្ទះ​មីងវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៩និង១០នាទីយប់  ថ្ងៃអាទិត្យ  ទី២១  ខែមេសា  ឆ្នាំ២០១៩តាមផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះ(សព)ឈ្មោះ​ ជា​  ស្រីលី​ង ភេទ​ស្រី អាយុ​ ២០ឆ្នាំ ជនជាតិខ្មែរ  មុខរបរ​កម្មការិនី​រោងចក្រ ​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ជម្ពូវ័ន្ត​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ និងមាន​ស្រុក​កំណើត​នៅ​ភូមិវៀល​ ឃុំ​បុសមន​ ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង​។  ឯប្តី​របួសស្រាល មានឈ្មោះ​ វ៉ាន់​ លីណា​ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ​មុខរបរ​កម្មករ​រោងចក្រ​ រស់នៅ​ភូមិ​ជាមួយ​គ្នា​ មាន​ស្រុកកំណើតនៅ​ស្រុក​ព្រៃឈរ ​ខេត្ត​កំពង់ចាម​។

យោងតាមសម្ដីជនរងគ្រោះបុរសជាប្ដី បានប្រាប់ទាំងទឹកភ្នែកថា រូបគាត់និងភរិយា បានឌុបគ្នាមកពីលេងផ្ទះមីង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង បំណងទៅផ្ទះជួលវិញ ។ ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្តម៉ាកFUSO ប្រភេទរថយន្តដឹកមេសុីម៉ង់ត៍ ពណ៌ក្រហមលាយទឹកប្រាប់ ពាក់ស្លាកលេខភ្នំពេញ 3A-3143 បានបើកស្របទិសគ្នាមកពីក្រោយ ហើយទាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យដួល ដែលធ្វើឱ្យនារីជាប្រពន្ធដែលមិនបានពាក់មួកសុវត្តិភាពបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ រីឯបុរសជាប្ដីដែលបានពាក់មួកសុវត្តិភាពរងរបួសស្រាល ។

ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កមិនបានឈប់នៅនិងកន្លែងនោះទេ ដោយព្យាយាមបើករត់គេចបានប្រហែលជិត១គីឡូម៉ែត្រក៏ត្រូវប្រជាពលរដ្ឋដេញឃាត់បានរថយន្ត តែតៃកុងរថយន្តបង្កបានគេចខ្លួនបាត់ ។ 

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុងមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ។ ឯសពនារីរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនប្ដី និងសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread

អ្នកនឹងចូលចិត្ត