លេចឮដំណឹងថា កូរ៉េខាងជើងប្រហារជីវិតមន្ត្រីក្រសួងការបរទេស៤នាក់ ដោយសារកិច្ចប្រជុំកំពូលជាមួយអាមេរិកបរាជ័យ

កូរ៉េខាងជើងបានកាត់ទោសប្រហារជីវិតមន្ត្រីបួននាក់ពីក្រសួងការបរទេស បន្ទាប់ពីកិច្ចប្រជុំកំពូលរវាង Kim Jong-un និង Donald Trump លើកចុងក្រោយបានបរាជ័យ។ នេះបើយោងតាមរបាយការណ៍របស់វេបសាយ Mirror ចេញផ្សាយកាលពីថ្ងៃ ២៤ មេសា។

មន្ត្រីទាំងនោះត្រូវបានសម្លាប់ដោយក្រុមប្រហារជីវិតបាញ់ដោយកាំភ្លើងមួយក្រុមក្នុងទីក្រុង Pyongyang កាលពីពេលថ្មីៗក្នុងខែនេះ បន្ទាប់ពីកិច្ចប្រជុំលោក Kim និងលោក Trump បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង។

យោងតាមកាសែតជប៉ុនមួយរាយការណ៍ថា ពាក្យចចាមអារ៉ាមនេះបានរីករាលដាលតាមរយៈប្រទេសដ៏មហាសម្ងាត់នេះ បន្ទាប់ពីកូរ៉េខាងជើងបាននិយាយទៅកាន់មន្ត្រីពាណិជ្ជកម្មជប៉ុនម្នាក់ ដែលថ្មីៗនេះបានទៅទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងជើង និងប្រាប់ប្រភពនៅខាងក្នុងរដ្ឋឯកោមួយនេះ។

យោងតាមរបាយការណ៍បានបញ្ជាក់ថា កូរ៉េខាងជើងបានចោទប្រកាន់មន្ត្រីទាំងបួននាក់នោះពីបទលក់របាយការណ៍ផ្ទៃក្នុងឱ្យទៅអាមេរិក មុនពេលកិច្ចប្រជុំក្នុងទីក្រុង Hanoi។

យ៉ាងណាមិញ យោងតាមប្រភពផ្លូវការរបស់កាសែតជប៉ុន Asia Press ដែលរាយការណ៍រួមទាំងកាសែតកូរ៉េខាងត្បូងកាលពីថ្ងៃពុធបានអះអាងថា ការកាត់ទោសនោះមិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេ។

ប្រទេសកូរ៉េខាងជើង គឺពិបាកខ្លាំងក្នុងការទម្លាយការសម្ងាត់របស់ប្រទេសនេះ ហើយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះត្រូវបានគ្រប់គ្រងដោយរដ្ឋ។ ការប្រាស្រ័យទាក់ទងជាមួយពិភពខាងក្រៅត្រូវបានរឹតត្បិតយ៉ាងខ្លាំង ហើយការដាក់ទណ្ឌកម្មចំពោះនរណាម្នាក់ ដែលចាប់បានព័ត៌មានចែកចាយ អាចមានលក្ខណៈធ្ងន់ធ្ងរ។

មានសេចក្តីរាយការណ៍ផងដែរថា លោក Kim បានដកប្អូនស្រីរបស់គាត់ចេញ ដែលជាជំនិតដៃស្ដាំរបស់គាត់ បន្ទាប់ពីជំនួបកំពូលបរាជ័យ៕

adverise with khmeread

អ្នកនឹងចូលចិត្ត