1

កំពូល​អាជ្ញាកណ្តាល​មហា​សែន​កាច​នឹង​កាត់ក្តី​ការប្រកួត​រវាង Liverpool និង Man Utd យប់​នេះ​

​កីឡាករ​របស់​ក្រុម Liverpool និង Manchester United គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​អាជ្ញាកណ្តាល​មកពី​ប្រទេស​អេ​ស្ប៉ា​ញ​គឺ​លោក Carlos Velasco Carballo ក្នុង​រាត្រី​នេះ ព្រោះគាត់​ជា​មនុស្ស​មិនចេះ​សំចៃ​ដៃ​ឱ្យ​កាត​លឿង​និង​ក្រហម​សូម្បីតែ​បន្តិច​។​

​មន្ត្រី​អាជ្ញាកណ្តាល​វ័យ ៤៤ ឆ្នាំ​រូបនេះ​បាន​កាត់ក្តី​ការប្រកួត​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ La Liga តាំងពី​ឆ្នាំ ២០០៤ ហើយ​កាលពីពេល​ថ្មីៗ​នេះ គាត់​បាន​ចាយ​កាត​លឿង​អស់ ៧៤ សន្លឹក​និង​កាត​ក្រហម​ចំនួន​ប្រាំមួយ​ក្នុងការ​ប្រកួត​ចំនួន ១២ លើកចុងក្រោយ​។​

​ការកាត់ក្តី​ចុងក្រោយ​របស់គាត់​កន្លង​មក​ឃើញថា គាត់​បាន​ចាយ​កាត​លឿង​ចំនួន​ប្រាំបី​និង​កាត​ក្រហម​មួយ​សន្លឹក​អំឡុង​ការប្រកួត​បី​ស្មើ​រវាង​ក្រុម Deportivo និង Malaga កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​ប្រិយមិត្ត​អង់គ្លេស​ប្រហែលជា​ចាំ​លោក Carballo ហើយ ព្រោះ​គាត់​បាន​ធ្វើជា​អាជ្ញាកណ្តាល​កាលពី​ប្រកួត​ជើង​ទីមួយ​រវាង​ក្រុម Paris Saint-Germain និង Chelsea កាលពី​ខែកុម្ភៈ​។ នៅពេលនោះ​គាត់​មិនបាន​ប្រើ​កាត​ក្រហម​ឡើយ ប៉ុន្តែ​បាន​ជូន​កីឡាករ Zlatan Ibrahimovic, Edinson Cavani និង John Mikel Obi នូវ​កាត​លឿង​ម្នាក់​មួយ​សន្លឹក​។​

​ការកាត់ក្តី​របស់លោក Carballo ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​កាត់​តែ​ធ្ងន់ធ្ងរ​បន្ទាប់ពី​ត្រូវបាន​រិះគន់​ក្រោយ​ការអត់ឱន​របស់គាត់​អំឡុង​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ២-១ ទៅលើ​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៤​។​

​ឱកាស​របស់ Neymar ដើម្បី​បន្ត​លេង​ក្នុង​ព្រឹត្តិការណ៍​នោះ ត្រូវបាន​បញ្ចប់​ខណៈ​គាត់​ទទួលរង​របួស​ខ្នង​បន្ទាប់ពី​ការ​ធាក់​ពី​សំណាក់​កីឡាករ Zuniga​។ ខ្សែការពារ​កូ​ឡុំ​ប៊ី​រូបនេះ​បាន​ជៀស​ផុតពី​ការពិន័យ​កាត​លឿង​បើទោះជា​បាន​បំផ្លាញ​ក្តី​សុបិន​របស់ Neymar នៅ World Cup ក៏ដោយ​។​

​ត្រឡប់​ទៅ​ឆ្នាំ ២០១២ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​យ៉ូ​រ៉ូ​វិញ គាត់​ក៏បាន​បណ្តេញ​អ្នកចាំទី​ជម្រើសជាតិ​ប៉ូឡូញ​គឺ​កីឡាករ Wojciech Szczesny ផងដែរ​។​

​ក្រុម​ហង្ស​ក្រហម Liverpool និង​បិសាច​ក្រហម Manchester United ទាំងពីរ​នេះ​មាន​វិន័យ​ល្អ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​កីឡាករ James Milner និង Juan Mata បានទទួល​កាត​លឿង​ពីរដង​កាលពី​ជំនួប​ជាមួយ​ក្រុម Crystal Palace និង West Brom​។​

​ដូច្នេះ​ការប្រកួត​យប់​នេះ​ច្បាស់​ជា​ល្អមើល​ជាក់​ជាមិនខាន ព្រោះ​ក្រុម​ទាំងពីរ​ជាស​ត្រូវ​ចាស់​ហើយ​ពួកគេ​សុទ្ធតែ​ចង់​ឈ្នះ​ការប្រកួត​ដូចគ្នា​ស្រប​ពេលដែល Liverpool និង Man Utd ទើបតែ​ជួបគ្នា​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​អឺរ៉ុប​ជា​លើកដំបូង​និងពិសេសជាងគេត្រង់មានលោក Carballo ជាអាជ្ញាកណ្តាលតែម្តង៕

ប្រភព៖ Daily Mail

មតិយោបល់