មកមើលនាវាមុជទឹកថ្មីរបស់រុស្ស៊ីផ្ទុកដ្រូននុយក្លេអ៊ែរប្រល័យលោកអាចបំផ្លាញទីក្រុងធំៗតាមឆ្នេរសមុទ្រ ដោយការបង្ករលកយក្សស៊ូណាមី

រុស្ស៊ីបានបង្ហាញនាវាមុជទឹកនុយក្លេអ៊ែរថ្មីចុងក្រោយបំផុតរបស់ខ្លួនស្ថិតនៅក្រោមការឃ្លាំមើលពីប្រធានាធិបតីលោកវ្លាឌីមៀរ ពូទីន។

នាវាឈ្មោះ Belgorod ត្រូវបានចាប់ផ្តើមចាកចេញពីរោងចក្រ Sevmash នៅភាគពាយ័ព្យប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ខណៈលោកពូទីនបានសង្កេតមើលតាមរយៈ Teleconference។

នាវាមុជទឹក Belgorod ត្រូវបានបង្កើតឡើងដើម្បីដឹកដ្រូននុយក្លេអ៊ែរ Poseidon ដែលជាអាវុធប្រល័យលោកមួយប្រភេទ ដែលរុស្ស៊ីនិយាយថានឹងមានសមត្ថភាពបំផ្លាញទីក្រុងធំៗជាច្រើន ដោយបង្កជារលកយក្សស៊ូណាមី។

លោក Mikhail Budnichenko ប្រធានរោងចក្រផលិតនាវានេះបាននិយាយនៅក្នុងពិធីបើកដំណើរការនេះថា អ្នកផលិតនាវារបស់សហគ្រាសនេះនឹងបំពេញភារកិច្ចទាំងអស់ក្នុងការសាងសង់នាវាក្នុងក្របខ័ណ្ឌពេលវេលាកំណត់និងមានគុណភាពខ្ពស់។

នាវាមុជទឹកនេះនឹងសង់រួចជាស្ថាពរនៅពេលដាក់ចុះក្នុងទឹក ហើយទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់ប្រភពការពារជាតិមួយដោយនិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរនឹងត្រូវធ្វើតេស្តនៅចុងឆ្នាំនេះ ជាមួយការសាកល្បងក្នុងសមុទ្រគ្រោងធ្វើក្នុងឆ្នាំ ២០២០ និង ដាក់ឱ្យប្រើជាផ្លូវការនៅចុងឆ្នាំនោះតែម្តង។

លោកពូទីនបានលើកឡើងជាលើកដំបូងអំពីដ្រូនបំពាក់អាវុធនុយក្លេអ៊ែរក្នុងចំណោមអាវុធថ្មីៗដទៃទៀតនៅក្នុងការថ្លែងសុន្ទរកថាថ្នាក់រដ្ឋកាលពីឆ្នាំមុនដោយនិយាយថា អាវុធទាំងនោះនឹងធ្វើឱ្យប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកគ្មានប្រយោជន៍។

ដ្រូនទាំងនោះត្រូវបានផលិតឡើងមានរូបរាងប្រហាក់ប្រហែលនឹងគ្រាប់ Torpedo ប៉ុន្តែមានទំហំធំជាងអាវុធសាមញ្ញនេះ ដោយមានប្រវែងរហូតដល់ ២៤ ម៉ែត្រ ដែលហេតុនេះហើយទើបវាត្រូវការដឹកតាមនាវាមុជទឹកដែលសង់ឡើងយ៉ាងពិសេសនេះ។

នៅពេលដំណើរការជាផ្លូវការ អាវុធរបស់នាវានេះអាចបញ្ជាបានពីចម្ងាយដើម្បីលុកលុយខែលការពារមីស៊ីល និង មានរយៈចម្ងាយបាញ់មិនកំណត់ដោយសារតែម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់វា។

នាវានេះមានល្បឿនអប្បបរមា ១១៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនអតិបរមារហូតដល់ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយធ្វើឱ្យវាពិបាកនឹងបញ្ឈប់បំផុត៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត