មកស្តាប់សាច់រឿងរបស់បុរសម្នាក់ បង្អត់អាហារខ្លួនឯង ៣៨២ ថ្ងៃ នៅតែអាចរស់មានសុខភាពល្អធម្មតា

ការបង្អត់អាហារជាងមួយឆ្នាំស្តាប់ទៅដូចជារឿងព្រេងនិទាន ហើយមានមនុស្សជាច្រើនគិតថាវា គឺជារឿងព្រេងតាមទីក្រុង ប៉ុន្ដែទស្សនាវដ្តីវេជ្ជសាស្ត្រចាស់មួយ ផ្តល់នូវភស្តុតាងវិទ្យាសាស្ត្រ ដែលបង្ហាញពីបុរសម្នាក់មិនបរិភោគអ្វីសោះរយៈពេល ៣៨២ ថ្ងៃ និងបន្តរស់នៅដើម្បីនិយាយរឿងពិតរបស់គាត់ឱ្យស្ដាប់។

ករណីសិក្សាមួយ ដែលបានចុះផ្សាយក្នុងឆ្នាំ ១៩៧៣ លើទស្សនាវដ្ដី Postgraduate Medical Journal បានចងក្រងឯកសាររឿងមិនគួរឱ្យជឿរបស់បុរសកន្ធាត់សញ្ជាតិស្កុតឡែនវ័យ ២៧ ឆ្នាំម្នាក់ ដែលឈប់បរិភោគរហូតដល់ទៅ ៣៨២ ថ្ងៃក្នុងគោលបំណងដើម្បីសម្រកទម្ងន់របស់គាត់។ គាត់មិនបានស្លាប់ដោយសារតែអត់អាហារនោះទេ ប៉ុន្ដែគាត់ថែមទាំងនៅមានសុខភាពល្អ និងអាចស្រកទម្ងន់ពី ២០៦ គីឡូក្រាមនៅសល់ត្រឹម ៨១ គីឡូក្រាមទៀតផង។ យោងតាមវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ Dundee School of Medicine ទម្ងន់បុរសនោះគឺថេរត្រឹម ៨៨ គីឡូក្រាមរយៈពេល ៥ ឆ្នាំ បន្ទាប់ពីការបង្អត់អាហារនោះ។

វេជ្ជបណ្ឌិតបានសរសេរករណីស្រកទម្ងន់នៅពេលនោះថា "ជាច្រើនឆ្នាំកន្លងមកបុរសកន្ធាត់វ័យក្មេងបានបង្ហាញខ្លួនគាត់សម្រាប់ការព្យាបាល។ ដំបូងគាត់គ្មានចេតនាចង់បង្អត់អាហារនោះទេ ប៉ុន្ដែចាប់តាំងពីគាត់ចង់ស្រកទម្ងនឱ្យបានរហ័សពេក គាត់បានសម្រេចតមអាហារដើម្បីដល់គោលដៅស្រកទម្ងន់របស់គាត់ ហើយបច្ចុប្បន្នគាត់គឺជាអ្នកតមអាហារដែលយូរបំផុតលើលោកជាប់ក្នុងកំណត់ត្រាសៀវភៅ Guinness Book of Records ក្នុងឆ្នាំ ១៩៧១"។

បុរសនោះមិនបរិភោគអាហាររឹងនោះឡើយ ជំនួសឱ្យការរស់រានមានជីវិតលើអាហារមានជាតិខ្លាញ់ច្រើនក្រៃលែង គាត់ទទួលទាន ប៉ូតាស្យូម សូដ្យូម និងថ្នាំគ្រាប់ផ្សិត ដែលគិតថាជារបស់សំខាន់សម្រាប់មុខងារខាងក្នុងរាងកាយរបស់គាត់។

ដើម្បីរក្សាសុខភាពរបស់គាត់ឱ្យមានស្ថិរភាព អំឡុងពេលការតមអាហារ អ្នកជំងឺឈ្មោះ Angus Barberi បានទៅមន្ទីរពេទ្យញឹកញាប់ដើម្បីធ្វើតេស្ដឈាម និងទឹកនោម។ វេជ្ជបណ្ឌិតយកទឹកនោម និងឈាម ដើម្បីពិនិត្យមើលក្រែងលោខ្វះសារធាតុអ្វីលើរាងកាយរបស់គាត់។ គួរឱ្យភ្ញាក់ផ្អើល គម្រោងតមអាហាររបស់គាត់ពិតជាដំណើរការ ហើយ Angus នៅតែមានសុខភាពល្អដដែល។

បើទោះជាមានកម្រិតជាតិស្ករទាបក្នុងឈាមរបស់គាត់ អ្នកជំងឺមិនមានរោគសញ្ញាអ្វីទាំងអស់ ហើយមានអារម្មណ៍ល្អ និងដើរបានដូចគេឯងដែរ។

ប៉ុន្ដែថាតើគាត់អាចតមអាហាររហូតដល់ទៅ ៣៨២ ថ្ងៃដោយរបៀបណា? ក្នុងឆ្នាំ ២០១២ អ្នកវិទ្យាសាស្ដ្រអូស្ដ្រាលី លោក Karl Kruszelnick បានបកស្រាយថា ក្នុងករណីតមអាហារបានយូរបំផុតនេះលើទស្សនាវដ្ដី  Australian Broadcasting Corporation ថា Angus អាចរស់រានមានជីវិតបានដោយសារតែជាតិខ្លាញ់ស្តុកក្នុងរាងកាយរបស់គាត់ ដែលវាធ្វើសកម្មភាពដូចសាំងក្នុងរាងកាយរបស់យើង។

Kruszelnick បានបកស្រាយថា "បន្ទាប់ពីការតមអាហារពីរឬបីថ្ងៃ ភាគច្រើនថាមពលបានមកបំបែកជាតិខ្លាញ់ចោល។ ម៉ូលេគុលខ្លាំងត្រូវបានបំបែកទៅជាសារធាតុគីមីចំនួនពីរ ដោយ glycerol (បំបែកទៅជាគ្លុយគូស) និងអាស៊ីតខ្លាញ់សេរី (បំបែកទៅជាសារធាតុគីមីផ្សេងៗទៀតហៅថា ketones)។ រាងកាយរបស់អ្នក រួមទាំងខួរក្បាលរបស់អ្នក អាចដំណើរការបានលើសារធាតុ glycerol និង ketones រហូតដល់តែជាតិខ្លាញ់ក្នុងរាងរបស់អ្នកអស់រលីង"។

យោងតាមរបាយការណ៍ Chicago Tribune នៅពេលនោះ Angus បានទទួលទានអាហារត្រឹមត្រូវឡើងវិញ បន្ទាប់ពីការតមអាហារចំនួន ៣៨២ ថ្ងៃ ហើយគាត់បានភ្លេចរសជាតិអាហារបាត់ទៅហើយ។ គាត់បានទទួលទានស៊ុតស្ងោរជាមួយនឹងនំបុ័ង និងបឺរ ហើយគាត់និយាយថា គាត់មានអារម្មណ៍រីករាយ និងមានអារម្មណ៍ឆ្អែតជាមួយនឹងស៊ុតស្ងោរណាស់៕

adverise with khmeread

អ្នកនឹងចូលចិត្ត