វ៉ាក់សាំងជំងឺគ្រុនឈាម Dengvaxia ដែលចាក់ស្លាប់កុមារជាច្រើននាក់នៅហ្វីលីពីន ត្រូវបានអាមេរិកអនុញ្ញាតឱ្យប្រើក្នុងប្រទេសខ្លួន

អាជ្ញាធរសុខាភិបាលអាមេរិកបានផ្តល់ការយល់ព្រមរបស់ខ្លួនចំពោះវ៉ាក់សាំងការពារជំងឺគ្រុនឈាម Dengvaxia ដែលជាថ្នាំព្យាបាលដ៏ចម្រូងចម្រាស់លើកដំបូង ដែលបង្កើតឡើងដើម្បីការពារប្រឆាំងនឹងមេរោគដែលបណ្ដាលមកពីមូស។

រដ្ឋបាលចំណីអាហារនិងឱសថ (FDA) បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃពុធ ប៉ុន្តែការប្រើវ៉ាក់សាំងនេះអាចកើតមានតែក្នុងស្ថានភាពតឹងរ៉ឹងជាក់លាក់មួយចំនួនប៉ុណ្ណោះ ពោលគឺ មានតែកុមារអាយុចន្លោះពី ៩ ទៅ ១៦ ឆ្នាំដែលគេបញ្ជាក់ថាធ្លាប់ឆ្លងមេរោគគ្រុនឈាមពីមុនតែប៉ុណ្ណោះ និងដែលរស់នៅក្នុងតំបន់ ដែលមានជំងឺឆ្លងរាលដាលនេះតែប៉ុណ្ណោះ ទើបអាចទទួលបានវ៉ាក់សាំងនេះ។

លោកស្រី Anna Abram មន្រ្តីជាន់ខ្ពស់របស់ FDA បាននិយាយថា "ខណៈដែលមិនមានការព្យាបាលសម្រាប់ជំងឺគ្រុនឈាម ការផ្តល់ការយល់ព្រមនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជួយកាត់បន្ថយផលប៉ះពាល់នៃមេរោគ"។

FDA បាននិយាយថា មេរោគនេះគឺជាមេរោគឆ្លងមួយនៅដែនដីរបស់សហរដ្ឋអាមេរិក ដូចជា កោះសាម៉ៅ កោះក្វាម ព័រតូរីកូ និង កោះវើជីនរបស់អាមេរិក។

យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ជំងឺគ្រុនឈាមគឺជាជំងឺឆ្លងតាមរយៈមូសដែលកើតឡើងទូទៅបំផុតនៅលើពិភពលោក ហើយឆ្លងទៅមនុស្សប្រមាណ ៣៩០ លាននាក់ក្នុងប្រទេសជាង ១២០ ក្នុងមួយឆ្នាំៗ ដោយសម្លាប់មនុស្សជាង ២៥.០០០ នាក់។

ប៉ុន្តែវ៉ាក់សាំង Dengvaxia ដែលផលិតដោយក្រុមហ៊ុនឱសថបារាំង Sanofi Pasteur គឺមានភាពចម្រូងចម្រាស់ណាស់។ ហ្វីលីពីនដែលជាប្រទេសដំបូងគេដែលបានផ្តល់ការយល់ព្រមលើវ៉ាក់សាំងនេះក្នុងឆ្នាំ ២០១៦ ក៏ជាប្រទេសដំបូងគេដែរ ដែលបានហាមឃាត់វ៉ាក់សាំងនេះកាលពីខែកុម្ភៈឆ្នាំនេះដោយសារព្រួយបារម្ភអំពីសុវត្ថិភាព។

រដ្ឋាភិបាលក្រុងម៉ានីលក៏កំពុងបន្តការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងក្រុមមន្រ្តីរបស់ក្រុមហ៊ុននេះដែរចំពោះការស្លាប់កុមារជាច្រើននាក់ ដែលបានចាក់ជាមួយវ៉ាក់សាំង Dengvaxia ។

ក្រុមហ៊ុន Sanofi បដិសេធការចោទប្រកាន់នេះ ប៉ុន្តែក្នុងឆ្នាំ ២០១៧ បានទទួលស្គាល់ថា វ៉ាក់សាំងនេះមិនត្រូវចំពោះមនុស្សដែលមិនធ្លាប់ឆ្លងមេរោគនេះពីមុននោះឡើយ។

មុននេះ វ៉ាក់សាំង Dengvaxia ត្រូវបានអនុម័តនៅក្នុងប្រទេសចំនួន ១៩ និងសហភាពអឺរ៉ុប ដែលផ្តល់ភ្លើងខៀវដល់វ៉ាក់សាំងនេះនៅក្រោមលក្ខខណ្ឌស្រដៀងគ្នាទៅនឹងសហរដ្ឋអាមេរិកដែរ ប៉ុន្តែសម្រាប់មនុស្សអាយុចាប់ពី ៩ ឆ្នាំដល់ ៤៥ ឆ្នាំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...