ស្ថានការណ៍កាន់តែក្តៅគគុក! អាមេរិកត្រៀមបញ្ជូនទ័ព ១២ ម៉ឺននាក់មកមជ្ឈិមបូព៌ា ប្រសិនបើអ៊ីរ៉ង់វាយលើកម្លាំងអាមេរិកនៅឈូងសមុទ្រពែក្ស

សេតវិមានតាមសេចក្តីរាយការណ៍បានឱ្យដឹងថាកំពុងត្រៀមបញ្ជូនទ័ព ១២០.០០០ នាក់មកមជ្ឈិមបូព៌ា ប្រសិនបើអ៊ីរ៉ង់វាយប្រហារលើកងកម្លាំងអាមេរិក ដែលកំពុងត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមអ៊ីរ៉ង់។ 

រដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិក លោក  Patrick Shanahan បានបង្ហាញផែនការបញ្ជូនទ័ពនេះនៅកិច្ចប្រជុំនៃជំនួយការសន្តិសុខកំពូលៗរបស់លោក ដូណាល់ ត្រា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នេះបើយោងតាមកាសែត New York Time។

កាសែត Time និយាយថា ផែនការជាច្រើនត្រូវបានរៀបរាប់យ៉ាងលម្អិត ហើយជម្រើសកំពូលក្នុងផែនការនោះគឺអំពាវនាវឱ្យបញ្ជូនទ័ព ១២០.០០០ នាក់ ដែលអាចចំណាយពេលច្រើនសប្តាហ៍ឬរាប់ខែដើម្បីដាក់ពង្រាយ និងអាចមានទំហំស្មើនឹងចំនួនទ័ពដែលឈ្លានពានអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣។ 

ផែនការទាំងនោះពុំបានអំពាវនាវឱ្យឈ្លានពានទឹកដីអ៊ីរ៉ង់នោះទេ ដែលវាតម្រូវឱ្យមានកងទ័ពច្រើនជាងនេះឆ្ងាយណាស់។ 

កាលពីថ្ងៃចន្ទទី ១៣ ឧសភា លោកត្រាំបានព្រមានថា អ៊ីរ៉ង់នឹងរងគ្រោះធ្ងន់ធ្ងរបំផុត ប្រសិនបើអ៊ីរ៉ង់ធ្វើឱ្យប៉ះពាល់លើផលប្រយោជន៍របស់អាមេរិក។ 

លោកត្រាំបានប្រាប់អ្នកកាសែតនៅសេតវិមានថា "យើងនឹងឃើញអ្វីកើតឡើងជាមួយអ៊ីរ៉ង់ ប្រសិនបើពួកគេធ្វើអ្វីមួយ ដែលជាកំហុសដ៏អាក្រក់បំផុតនោះ"។ 

ភាពតានតឹងរវាងអ៊ីរ៉ង់និងអាមេរិកកើនឡើង ចាប់តាំងពីលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់២០១៥ ដើម្បីទប់ស្កាត់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មថ្មីៗជាច្រើនមកលើរដ្ឋាភិបាលក្រុងតេហេរ៉ង់។

លោកត្រាំចង់បង្ខំឱ្យអ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសព្វាវុធដ៏ទូលំទូលាយមួយ និងបានបញ្ជូននាវាផ្ទុកយន្តហោះមួយគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងរួចជាស្រេចមកកាន់ឈូងសមុទ្រពែក្សដើម្បីបង្ហាញសាច់ដុំទ័ពប្រឆាំងនឹងអ្វី ដែលក្រុមមន្ត្រីអាមេរិកនិយាយថា ជាការគំរាមកំហែងចំពោះកងទ័ពអាមេរិកនៅក្នុងតំបន់៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab