មូលហេតុដែលអ្នកជំងឺទម្លាយរឿងឆ្លងហ៊ីវនៅមន្ទីរពេទ្យថ្លៃកប់ពពកនៅបាងកក ត្រូវបានលាតត្រដាង

កូនកាត់ថៃជប៉ុនម្នាក់ ថ្មីៗនេះលាតត្រដាងថា គាត់ឆ្លងមេរោគហ៊ីវតាមរយៈការបញ្ចូលឈាម ជាផ្នែកមួយនៃការព្យាបាលមហារីកឈាម នៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងបាងកកកាលពី ១៥ ឆ្នាំមុន។ នេះបើយោងតាមកាសែតដឹណេសិនចេញផ្សាយកាលពីថ្ងៃចន្ទ។

ប៉ុន្ដែមន្ទីរពេទ្យដ៏ល្បី និងថ្លៃបំផុតរបស់ថៃ Bumrungrad International Hospital កន្លែងដែលបុរសកូនកាត់នោះព្យាបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ និយាយថាឈាមឆ្លងមេរោគហ៊ីវនោះគឺបានមកពីកាកបាទក្រហមថៃ ហើយទំនងអ្នកបរិច្ចាគអនាមិកនោះកំពុងស្ថិតក្នុងអំឡុងពេលកំពុងកើតហ៊ីវដែលមិនអាចរកឃើញមេរោគភ្លាមៗទេ។

ករណីនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមានសំណួរជាសាធារណៈស្តីពីសុវត្ថិភាពនៃឈាម ដែលបានផ្តល់ដោយមន្ទីរពេទ្យនានា និងកាកបាទក្រហមថៃ។

បុរសវ័យ ២៤ ឆ្នាំរូបនេះបានសម្រេចចិត្តលាតត្រដាងស្ថានភាពរបស់គាត់ជាសាធារណៈ នៅពេលគាត់ត្រូវបានមន្ទីរពេទ្យថ្លៃកប់ពពកនេះរារាំងមិនឱ្យចូលព្យាបាល។ ឪពុកម្ដាយរបស់គាត់បានជ្រើសមិនប្ដឹងពេទ្យនេះទេ នៅពេលការឆ្លងមេរោគហ៊ីវរបស់គាត់ត្រូវបានរកឃើញ ពីព្រោះអ្នកគ្រប់គ្រងមន្ទីរពេទ្យបានសន្យាថានឹងយកចិត្តទុកដាក់បំផុតចំពោះគាត់។

បន្ទាប់ព្យាបាលឥតគិតលុយរយៈពេលមួយទសវត្សរ៍នៅមន្ទីរពេទ្យ Bumrungrad គ្រួសារបុរសនេះបានសម្រេចចិត្តងាកទៅរកការព្យាបាលបែបឱសថបុរាណ ប៉ុន្តែលទ្ធផលគឺមិនគាប់ចិត្តនោះទេ ដូច្នេះពួកគេក៏សម្រេចចិត្តវិលត្រឡប់មកមន្ទីរពេទ្យវិញ តែបែរជាមន្ទីរពេទ្យប្រាប់ឱ្យទៅទទួលការព្យាបាលនៅក្រោមគម្រោងថែទាំសុខភាពសកលតម្លៃក្រោម ៣០ បាតរបស់រដ្ឋាភិបាលទៅវិញ។

ម្តាយរបស់អ្នកជំងឺបានប្រាប់ក្រុមអ្នកកាសែតថា "កូនប្រុសខ្ញុំមានជំងឺមហារីកឈាម តាំងពីគាត់អាយុ៩ឆ្នាំមកម៉្លេះ ហើយមកទល់ឥឡូវនេះយើងបានចំណាយប្រាក់ព្យាបាលអស់ជិត ៧ លានបាត"។ 

កូនប្រុសគាត់ពីដំបូងឡើយបានទទួលការព្យាបាលបែបគីមីនៅមន្ទីរពេទ្យ Bumrungrad ប៉ុន្តែចំនួនកោសិកាឈាមសរបស់គាត់ទាបពេក ហើយការបញ្ចូលឈាមបានធ្វើឡើងចំនួន ១៤ លើកបន្ទាប់ពីនោះ។ 

បន្ទាប់ពីមន្ទីរពេទ្យរកឃើញថាកូនប្រុសគាត់ឆ្លងហ៊ីវ ម្តាយបានរំលឹកឡើងវិញថា "ស្ថានភាពរបស់គាត់ល្អប្រសើរឡើងជាមួយការបញ្ចូលឈាម ប៉ុន្តែបន្ទាប់ពីបញ្ចូលឈាមប្លោកទី១២ គាត់ក៏ចាប់ផ្តើមយ៉ាប់យ៉ឺនខ្លាំងភ្លាមៗតែម្តង"។ 

ផ្នែកទំនាក់ទំនងសាជីវកម្មរបស់មន្ទីរពេទ្យ Bumrungrad បានទទួលស្គាល់កាលពីសប្តាហ៍មុនថា អ្នកជំងឺរូបនោះបានមកព្យាបាលជំងឺតាំងពីឆ្នាំ ២០០៤ និងនិយាយថា ខ្លួនជឿថាឈាមហ៊ីវនោះគឺបានមកពីអ្នកបរិច្ចាគម្នាក់ដែលកំពុងស្ថិតក្នុងអំឡុងពេលកំពុងកើតហ៊ីវ (ដែលគេមិនអាចរកឃើញហ៊ីវភ្លាមៗទេ)។ 

ដោយបង្ហាញការសោកស្តាយចំពោះស្ថានភាពលំបាករបស់អ្នកជំងឺ ក្រុមទំនាក់ទំនងសាធារណៈរបស់ពេទ្យនេះនិយាយថា អ្នកជំងឺបានទទួលការព្យាបាល ២៦៦ លើកក្នុងគ្រាដែលគាត់ត្រូវបានមើលថែនៅក្នុងមន្ទីរពេទ្យ។ ក្រុមនេះនិយាយថា មន្ទីរពេទ្យបានប្តេជ្ញាផ្តល់ការព្យាបាលស្របតាមគោលការណ៍មនុស្សធម៌។ 

លោកស្រីវេជ្ជបណ្ឌិត Ubonwan Charoonrungrit នាយកមណ្ឌលផ្តល់ឈាមជាតិរបស់កាកបាទក្រហមថៃ និយាយថា ហានិភ័យនៃការឆ្លងហ៊ីវតាមរយៈការបញ្ចូលឈាមគឺមានទាបណាស់ ប៉ុន្តែហ៊ីវពិតជាអាចឆ្លងតាមរយៈការបញ្ចូលឈាម។ 

លោកស្រីនិយាយថា "យើងកំពុងលើកកម្ពស់ដំណើរការពិនិត្យឈាមបរិច្ចាគ"៕ ប្រភព៖ថៃ

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...