បុរសជនជាតិចិនម្នាក់ជាចុងភៅរោងចក្របានគាំងបេះដូងស្លាប់

​ភ្នំពេញ​ ៖ មានករណីបុរសជនជាតិចិនម្នាក់ជាចុងភៅរោងចក្របានគាំងបេះដូងស្លាប់កាលពីវេលាម៉ោង ៤និង ៥០នាទីព្រឹកថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០១៩ នៅរោងចក្រអាយឃីហ្វូដ​ ស្ថិតនៅភូមិក្បាលដំរី ២សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ 

​​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ Lin Fengjin ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិនមុខរបរ ចុងភៅក្នុងរោងចក្រអាយឃីហ្វូដ​ ស្នាក់នៅក្នុងរោងចក្រភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ 

​តាមការបំភ្លឺរបស់ឈ្មោះ Wang Changlu ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិចិន ដែលជាមិត្តភក្កិរួមការងារជាមួយបានបញ្ជាក់ប្រាប់ប៉ូលិសថា​ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១២ និង១០នាទី​ ឈ្មោះ Lin Fengjin មានអាការៈមិនស្រួលខ្លួន ហើយលោកថៅកែ និងគាត់បានជូនទៅចាក់ថ្នាំនៅមន្ទីរពេទ្យជីនថៃ ស្ថិតនៅក្នុងភូមិក្បាលដំរី២ ជិតរោងចក្រ​ ហើយគ្រូពេទ្យបានប្រាប់ថា «ជនរងគ្រោះក្តៅក្នុងនិងគ្រុនពោះវៀន» បន្ទាប់មកក៏ចាក់ថ្នាំរួចមករោងចក្រវិញ​។ 

​លុះដល់ម៉ោងប្រហែល ៤និង ១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែឧសភា ២០១៩​ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួនម្ដងទៀត ហើយលោកថៅកែក៏បានដឹកតាមរថយន្ដទៅមន្ទីរពេទ្យកាល់ម៉ែត។ ពេលទៅដល់ម៉ោងប្រហែល៤ និង ៥០នាទីថ្ងៃដដែលក្រុមគ្រូពេទ្យ បានឱ្យជនរងគ្រោះចូលបន្ទប់សង្គ្រោះបន្ទាន់។ ភ្លាមនោះគ្រូពេទ្យ បានប្រាប់វិញថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងបានចាក់ថ្នាំរក្សាសពកុំឱ្យស្អុយរួចដឹកសពមកតម្កល់នៅវត្តស្ទឹងមានជ័យតែម្ដង ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...