បុរសសតិមិនគ្រប់ម្នាក់ដើរដេកកណ្ដាលស្តុបអ៊ីនធ័រខនត្រូវរថយន្ត២-៣គ្រឿងកិនបណ្ដាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

​ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សសតិមិនល្អ បានដើរដេកកណ្ដាលផ្លូវត្រង់ស្តុប អ៊ីនធ័រខនត្រូវបាន រថយន្ត២ទៅ៣គ្រឿងបើកកិនចំកណ្ដាលខ្លួនបណ្ដាលឱ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យកាលម៉ែត បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១២ និង៥០នាទីរំលងអធ្រា្រត ឈានចូលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចកណ្ដាលស្តុប អ៊ីនធ័រខន ក្បែរស្តុបផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

យោងតាមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះមិនស្គាល់ឈ្មោះខាងលើ មានសតិមិនប្រក្រតី បានដើរដេកតាមផ្លូវ និងកណ្ដាលផ្លូវជារៀងរាល់ថ្ងៃ ហើយកន្លងមកក៏ត្រូវបានរថយន្តបើកបុក បណ្ដាលឱ្យរងរបួសផងដែរ តែមិនធ្ងន់ធ្ងរនោះទេ។ 

​ខណៈនៅយប់កើតហេតុ ស្រាប់តែបុរសរូបនេះមកដេកកណ្ដាលស្តុបត្រង់ចំណុចកើតហេតុខាងលើ ធ្វើឱ្យរថយន្តមិនស្គាល់ម៉ាក ប្រហែល៣គ្រឿងបើកកិនចំខ្លួន បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រួចហើយរថយន្តបង្កទាំងនោះបានបន្តដំណើរទៅបាត់។

​បន្ទាប់មកបុរសសតិមិនល្អត្រូវបានរថយន្តកិនបណ្ដាលឱ្យរងរបួសធ្ងន់នេះ គេសង្គេតឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការចុះមកដឹកជនរងគ្រោះដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឱ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់លុយមិនខ្វល់។

​បន្ទាប់ពីកើតហេតុអស់រយៈពេលជាងកន្លះម៉ោង ទើបគេឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន ហុង ហាក់ ចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះតែអកុសលជនរងគ្រោះ បានបាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ បច្ចុប្បន្ននេះ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងយកតម្កល់នៅឯវត្តទឹកថ្លា រង់ចាំបូជាតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...