UEFA សម្រេចឲ្យអាជ្ញាកណ្តាល DamirSkominaដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League

        មន្ត្រីអាជ្ញាកណ្តាល​សញ្ជាតិ​ស្លូវេនីលោកDamirSkominaនឹង​ដឹងនាំ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ ​CLរវាងក្រុម Liverpool និង​ក្រុម Tottenham។

        គណៈកម្មាធិការ​អាជ្ញាកណ្តាល​របស់ UEFA បាន​សម្រេចថា លោក Skominaនឹង​ទទួល​ខុសត្រូវ​ដឹកនាំ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១​ខែ​មិថុនាខាងមុខនេះ​។ មន្ត្រីអាជ្ញាកណ្តាលរូបនេះ​ធ្លាប់​សាងប្រវត្តិសាស្ត្រ​នៅរដូវកាល​នេះ ដោយ​បដិសេធគ្រាប់​បាល់​ដំបូងនៅ​ក្របខណ្ឌ​ Champions League ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ VAR។ 

        លោក Skominaមាន​ប្រវត្តិជាមួយក្រុម​អង់គ្លេស​។ លោក​បាន​ដឹកនាំ​ការប្រកួត​រវាងក្រុម​អង់គ្លេស​និង​ក្រុម​បែលហ្ស៊ិក​នៅ​ក្នុង​ព្រឹត្តិការណ៍​វើលខាប់​ និង​ដឹកនាំការ​ប្រកួត​ដែលក្រុម​អង់គ្លេស​ចាញ់​ក្រុម​អ៊ីស្លង់​នៅ​ក្នុងព្រឹត្តិការណ៍​ប្រកួត Euro 2016 ផងដែរ។

        អាជ្ញាកណ្តាល​រូបនេះក៏ធ្លាប់ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Europa League ឆ្នាំ​២០១៧ រវាងក្រុម Man​Utdនិង​ក្រុម Ajax ដែល​ពេល​នោះ ក្រុម​របស់​លោក Jose Mourinhoឈ្នះ​ការប្រកួត។

        មន្ត្រីអាជ្ញាកណ្តាល​វ័យ​៤២​ឆ្នាំ​រូបនេះ​ក៏ធ្លាប់​ដឹកនាំ​ការប្រកួត​រវាងក្រុម Chelsea និង​ក្រុម Atletico Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ​ដណ្តើម​ពាន​ Super Cup 2012 ផងដែរ ដែលពេលនោះ ក្រុម Atletico ឈ្នះ​៤-១៕

adverise with khmeread