ស្រវឹងវាយប្រពន្ធដូចបាវសាក់រហូតរលូតកូន៦ខែ

កណ្តាល​ ៖​ ប៉ូលិសស្រុកខ្សាច់កណ្ដាលបានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងរករឿង និងវាយដំប្រពន្ធខ្លួនឯងទាំងកំពុងពពោះ៦ខែ បណ្ដាលឱ្យរងរបួសរហូតធ្លាក់ឈាមទៀតផង បានកើតឡើងកាលពីវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យជាប្តីឈ្មោះ លុក ភ័ណ្ឌ ហៅ គុណ ភេទប្រុស មុខរបរបើករថយន្តដឹកឥដ្ឋ។ ចំណែកនារីរងគ្រោះជាប្រពន្ធឈ្មោះ ភុន ចាន់ណា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់មានផ្ទៃពោះកូនភ្លោះ៦ខែ។ ប្តីប្រពន្ធខាងលើនេះ ទីលំនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។

ប៉ូលិសបន្តថា អស់រយៈពេលជាង១០ខែមកហើយ ដែលប្តីប្រពន្ធខាងលើនេះ បានមកជួលផ្ទះចំណុចកើតហេតុ ហើយការរស់នៅរបស់ប្តីប្រពន្ធគូនេះ គឺមិនសូវចុះសម្រុងគ្នាប៉ុន្មានទេ ពោលគឺជនសង្ស័យជាប្តីផឹកស្រាស្រវឹង តែងតែរករឿងជេរបញ្ចោរប្រពន្ធ ផ្អើលអ្នកជិតខាង។

​លុះមកដល់ថ្ងៃកើតហេតុ កាលពីវេលាម៉ោង៧ និង៤៥នាទីយប់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលជនសង្ស័យជាប្តីត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកវិញ មកដល់ផ្ទះបានស្រែកឡូឡារករឿងជេរប្រមាថប្រពន្ធពីរឿងជំពាក់លុយគេ ប៉ុន្តែនារីរងគ្រោះមិនតបតអ្វីនោះទេ ទុកឱ្យជនសង្ស័យជាប្តីនិយាយតែម្នាក់ឯងទៅ។ 

បន្ទាប់ពីជេរប្រមាថប្រពន្ធខ្លួនរួច ស្រាប់តែជនសង្ស័យជាប្តីបានស្ទុះទៅវាយនារីរងគ្រោះជាច្រើនដៃ ត្រូវចំក្បាល មុខ ថ្ងាស និងពោះ ពេលនោះជនរងគ្រោះបានសំពះអង្វរ ប៉ុន្តែជនសង្ស័យជាប្តីមិនព្រមស្តាប់ឡើយ ថែមទាំងវាយនារីរងគ្រោះជាប្រពន្ធ ប្រហែល២០ដៃបន្ថែមទៀត បណ្តាលឱ្យនារីរងគ្រោះរងរបួសខៀវភ្នែកខាងឆ្វេង និងមានឈាមហូរតាមទ្វារមាសរលូតកូន៦ខែ។ បន្ទាប់មកនារីរងគ្រោះជាប្រពន្ធ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកតាមាក់ដើម្បីឃាត់ខ្លួនជនសង្ស័យភ្លាមៗ។

បច្ចុប្បន្ន ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកដើម្បីចាត់ការតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...