ពូ​ទីន​និយាយថា រុស្ស៊ី​មិនមែនជា​អង្គភាព​ពន្លត់អគ្គីភ័យ​ទេ ចឹ​ង​បើ​អាមេរិក​បង្កាត់​ភ្លើងសង្គ្រាម​ជាមួយ​អ៊ីរ៉ង់ កុំ​ហៅ​រុស្ស៊ី​មក​ពន្លត់ភ្លើង​អី ជួយ​អត់​បានទេ​!

​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា រុស្ស៊ី​មិនមែនជា "​អង្គភាព​ពន្លត់អគ្គីភ័យ​" ទេ និង​មិនអាច "​សង្គ្រោះ​អ្វីៗ​បានឡើយ​" ខណៈ​ភាព​តានតឹង​កំពុង​កើនឡើង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​។ 

​ភាព​តានតឹង​កើនឡើង​យ៉ាងខ្លាំង​រវាង​គូប្រជែង​វ៉ាស៊ីនតោន​និង​តេ​ហេ​រ៉ង់ ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ឆ្នាំមុន ដែល​ដក​ទណ្ឌកម្ម​ចេញ​ជា​ថ្នូរ​នឹង​ការទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ 

​លោកពូ​ទីន​បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​បន្ទាប់ពី​ទទួល​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ផ​ម​ផេ​វ នៅក្នុង​ទីក្រុង​រមណីយដ្ឋាន សូ​ជី នៅក្បែរ​សមុទ្រ​ខ្មៅ កាលពី​ថ្ងៃ​អង្គារ​សម្រាប់​កិច្ចពិភាក្សា​ទ្វេភាគី​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ យ៉ាង​ដូច្នេះ​ថា "​យើង​សោកស្តាយ​ដែល​កិច្ចព្រមព្រៀង​បាន​ខូចខាត​។ បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ អ៊ីរ៉ង់​បាននិងកំពុង​ជា​ប្រទេស​មាន​តម្លាភាព​និង​គួរឱ្យ​ជឿទុកចិត្ត​បាន​បំផុត​នៅលើ​ពិភពលោក​ក្នុងន័យនេះ​។ អ៊ីរ៉ង់​បាន​បំពេញ​នូវ​កាតព្វកិច្ច​របស់ខ្លួន​ទាំងអស់​"​។ លោក​និយាយ​បែបនេះ​គឺ​សម្អាង​លើ​សេចក្តី​យោង​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​។    

​លោក​បាន​ជំរុញ​ឱ្យ​អ៊ីរ៉ង់​កុំ​ចាក​ចេញពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ប៉ុន្តែ​បាន​បន្ថែមថា រុស្ស៊ី​មិនអាច​ជួយ​អ្វី​បាន​ច្រើន​លើសពីនេះ​នោះទេ​។ លោកពូ​ទីន​និយាយថា "​រុស្ស៊ី​មិនមែនជា​អង្គភាព​ពន្លត់អគ្គីភ័យ​ទេ​។ យើង​មិនអាច​សង្គ្រោះ​អ្វីៗ ដែល​មិន​ពឹង​មកលើ​យើង​ទាំងស្រុង​បានទេ​។ យើង​អាចធ្វើ​អ្វីៗ​បានតែ​នៅ​ខាង​របស់​យើង​ប៉ុណ្ណោះ​"​។ 

​លោកពូ​ទីន​និយាយ​ផងដែរ​ថា បន្ទាប់ពី​វ៉ាស៊ីនតោន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង អឺរ៉ុប​មិនអាច​ធ្វើ​អ្វី​បាន​ទាំងអស់​ដើម្បី​សង្គ្រោះ​កិច្ចព្រមព្រៀង​នេះ​។ 

​កាលពី​ព្រឹក​ថ្ងៃ​ពុធ អ្នកនាំពាក្យ​របស់លោក​ពូ​ទីន លោក​ឌី​មេ​ទ្រី ប៉េ​ស្កូវ បានបង្ហាញ​ការព្រួយបារម្ភ​ថា ភាព​តានតឹង​អំពី​អ៊ីរ៉ង់​បាន​កើនឡើង​ខ្លាំងណាស់ បើទោះបីជា​មានការ​ធានា​ពី​លោក​ផ​ម​ផេ​វ​ថា វ៉ាស៊ីនតោន​មិន​ស្វះស្វែង​បង្កាត់ភ្លើង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ក៏ដោយ​។ លោក​និយាយថា "​មកទល់​ឥឡូវនេះ យើង​កត់សម្គាល់ឃើញ​ការ​រីកធំឡើង​នៃ​ភាព​តានតឹង​កំពុង​បន្ត​ជុំវិញ​ប្រធានបទ​នេះ​។ យើង​សោកស្តាយ​ដែល​ឃើញ​អ៊ីរ៉ង់​សម្រេចចិត្ត​បែបនេះ (​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​)" ខណៈ​លើកឡើង​ផងដែរ​ថា វ៉ាស៊ីនតោន​ជា​អ្នក​រករឿង​អ៊ីរ៉ង់​មុន​។ 

​គួររំលឹកថា កាលពី​ថ្ងៃអាទិត្យ​មានការ​វាយប្រហារ​ដោយ​ឃាតករ​មិន​ស្គាល់មុខ​ទៅលើ​នាវា​ចំនួន​៤​នៅក្នុង​តំបន់ ក្នុងនោះ​រួមមាន​ទាំង​នាវា​ដឹក​ប្រេង​២​គ្រឿង​មកពី​អា​រ៉ា​ប៊ី​សា​អូឌីត​។ តែ​សហរដ្ឋអាមេរិក​បាន​ចោទថា កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ជា​អ្នក​វាយប្រហារ​នាវា​ទាំងនោះ ដោយ​រឹត​ធ្វើឱ្យ​ស្ថានភាព​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​កាន់តែ​តានតឹង​។ ហើយ​អាមេរិក​ក៏​កំពុង​ត្រៀម​ជើង​ព្រួល​ដើម្បី​បញ្ជូន​កងទ័ព​១២​ម៉ឺន​នាក់មក​តំបន់​មជ្ឈិមបូព៌ា​ផងដែរ ក្នុងករណី​អ៊ីរ៉ង់​វាយប្រហារ​មកលើ​កងទ័ព​អាមេរិក​ជាមុន​។ ក្រុម​នាវា​ផ្ទុក​យន្តហោះ យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 និង​កាំជ្រួច MIM-104 Patriot របស់​អាមេរិក​បា​នប​ញ្ជូ​ន​មកដល់​តំបន់​នេះ​រួចជាស្រេច​ហើយ​៕ 

adverise with khmeread
tiger
Loading ad ...