ឪពុកម្តាយ​នៅ​ម៉ាឡេស៊ី​ត្រូវបាន​ព្រមាន​កុំឱ្យ​បង្ហោះ​រូប​កូនៗ​នៅលើ​បណ្តាញ​សង្គម​, នៅ​ប្រទេស​ផ្សេង​ក៏​កុំ​គួរ​បង្ហោះ​ដែរ ព្រោះ​រឿង​គួរឱ្យ​បារម្ភ​មួយ​

កញ្ញា Artiste Wani Kayrie បាន​ព្រមាន​ឪពុកម្តាយ​ទាំងឡាយ​កុំឱ្យ​បង្ហោះ​រូបថត​កូនៗ​របស់​ពួកគេ​នៅលើ​បណ្តាញ​សង្គម ព្រោះ​រូប​ទាំងនោះ​អាច​នឹងត្រូវ​ជន​រំលោភ​កុមារ​យកទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិនល្អ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត Kosmo!​។ 

​នាង Artiste Wani Kayrie អាយុ ១៩ ឆ្នាំ បាន​និយាយថា រូបថត​កាលពី​តូច​របស់​នាង ដែល​ថត​អំឡុងពេល​ច្រៀង​កាលពី​ច្រើន​ឆ្នាំ​កន្លងទៅ ត្រូវបាន​ប្រើ​ធ្វើជា Profile Picture នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​គេ​លួច​បង្កើតឡើង​ក្រោម​ឈ្មោះ​របស់​នាង ដើម្បី​ផ្ញើ​រូប​អាសអាភាស​របស់​កុមារ និង រូបភាព​របស់​កុមារ​ដទៃទៀត​។ 

​នាង​និយាយថា "​ខ្ញុំ​ពិតជា​ឆ្ងល់​មិនដឹងថា​វា​កើតឡើង​របៀប​ម៉េច​ទេ ប៉ុន្តែ​នោះ​គឺជា​រូបថត​របស់ខ្ញុំ​។ វា​ថត​នៅពេល​ខ្ញុំ​ចូលរួម​ក្នុង​កម្មវិធី Kamilah Bintang កាលពី​ខ្ញុំ​មាន​អាយុ ១០ ឆ្នាំ​"​។ 

​នាង​ទើបតែ​ដឹង​អំពី​គណនី​ហ្វេ​ស​ប៊ុ​ក​លួច​នេះ​នៅពេល​មិត្តភក្តិ​និង​អ្នកគាំទ្រ​ប្រាប់​នាង​កាលពី​សប្តាហ៍​មុន​។ នាង​និយាយថា នាង​បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​ធ្វើការ​របស់​នាង និង​ម្តាយ​របស់​នាង និង​គ្រោង​ដាក់ពាក្យ​ប្តឹងទៅ​ប៉ូលិស​។ 

​គួរ​បញ្ជាក់ដែរថា សព្វថ្ងៃ​អាស៊ីអាគ្នេយ៍​កំពុងតែ​មានការ​កើនឡើង​សកម្មភាព​រំលោភ​ផ្លូវភេទ​លើ​កុមារ ជាមួយ​ពួក​រំលោភ​កុមារ​បានរៀបចំ និង មើល​ការរំលោភបំពាន​នេះ​ផ្សាយ​ផ្ទាល់​លើ​វេ​ប​សាយ និង​តាមរយៈ Webcam ដោយ​បង់លុយ​សម្រាប់​វីដេអូ​ទាំងនោះ​ជាមួយ​រូបិយ​បណ្ណ​អេ​ឡិច​ត្រូ​និ​ច​។ 

​ជាមួយ​ភាពក្រីក្រ​កំពុង​រីក​រាលដាល ច្បាប់​ធូររលុង និង​ប្រព័ន្ធយុត្តិធម៌​មិនទាន់​រឹងមាំ ប្រទេស​ថៃ កម្ពុជា វៀតណាម ឡាវ និង ហ្វីលីពីន​ត្រូវបាន​ពួក​រំលោភ​កុមារ​នៅ​បរទេស​និង​ក្នុងស្រុក​មើលឃើញថា​ជា​តំបន់​ងាយស្រួល​ដើម្បី​ស្វែងរក​ផ្លូវភេទ​ជាមួយ​អនីតិជន​ដោយផ្ទាល់​។​

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ជន​រំលោភ​កុមារ​ឥឡូវ​អាច​ប្រើប្រាស់​ឧបករណ៍​ជាច្រើន​នៅលើ​អន​ឡាញ​និង​ទូរស័ព្ទ រួមទាំង​បណ្តាញ​សង្គម វេ​ប​សាយ​ចែករំលែក​វីដេអូ និង វេ​ប​សាយ​ងងឹត ដើម្បី​បើក​មើល​ការរំលោភ​កុមារ​នៅលើ​អន​ឡាញ និង ការ​បំពារបំពាន​ដទៃទៀត​លើ​កុមារ​ដោយ​ក្រុមមនុស្ស​អនាមិក​៕ ប្រភព៖ បរទេស, បរទេស

 

adverise with khmeread
tiger
Loading ad ...