កំពុងលក់អត់ដាច់ផង ឥឡូវអ្នកប្រើប្រាស់នៅចិនអំពាវនាវឱ្យឈប់ទិញ iPhone ចំពេលកំពុងផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

ប្រជាជននៅក្នុងប្រទេសចិនកំពុងអំពាវនាវឱ្យធ្វើពហិការផលិតផលរបស់ក្រុមហ៊ុន Apple បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិននិងសហរដ្ឋអាមេរិកដែលនាំឱ្យមានការដាក់កំហិតទៅលើក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei កាលពីដើមសប្តាហ៍នេះ។

នៅលើវេបសាយបណ្តាញសង្គម Weibo របស់ចិន ដែលស្រដៀងនឹង Twitter អ្នកប្រើប្រាស់បានប្រតិកម្មទៅនឹងសម្ពាធរបស់សហរដ្ឋអាមេរិកចំពោះក្រុមហ៊ុន Huawei ដោយការអំពាវនាវឱ្យធ្វើពហិកាផលិតផលរបស់ក្រុមហ៊ុន Apple បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធសប្តាហ៍មុន ដោយហាមប្រាមក្រុមហ៊ុនទូរគមនាគមន៍នានារបស់អាមេរិកកុំឱ្យដំឡើងឧបករណ៍បរិក្ខារបរទេសដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិនិងចេញបញ្ជាដាច់ដោយឡែកមួយទៀត ហាមឃាត់ក្រុមហ៊ុន Huawei ពីការទិញបច្ចេកវិជ្ជារបស់អាមេរិកដោយគ្មានការយល់ព្រមពីរដ្ឋាភិបាល។

អ្នកលេងបណ្តាញសង្គមម្នាក់បញ្ចេញមតិថា "មុខងារនៅក្នុងទូរស័ព្ទ Huawei គឺស្រដៀងនឹងទូរស័ព្ទរបស់ Apple ឬក៏ល្អជាងផង។ យើងមានជម្រើសស្មាតហ្វូនល្អបែបនេះ ហេតុអ្វីបានជាយើងនៅតែប្រើទូរស័ព្ទរបស់ Apple? ខ្ញុំមានអារម្មណ៍ថាមានពិរុទ្ធដោយមើលសង្គ្រាមពាណិជ្ជកម្ម។ នៅពេលណាដែលខ្ញុំមានលុយ ខ្ញុំនឹងប្តូរស្មាតហ្វូនរបស់ខ្ញុំ"។

យោងតាមរបាយការណ៍ឧស្សាហកម្មបានឱ្យដឹងថា ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ២០ ភាគរយរួចទៅហើយនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៨ ខណៈការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានកើនឡើងជិត ២៥ ភាគរយក្នុងអំឡុងពេលដូចគ្នា៕

adverise with khmeread

អ្នកនឹងចូលចិត្ត