នៅសប្តាហ៍ដូចគ្នា ដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសបង្កើនពន្ធលើទំនិញរបស់ចិន អតិថិជនចិនបានលុបចោលការបញ្ជាទិញសាច់ជ្រូកអាមេរិកចំនួន ៣.២៤៧ តោនដូចគ្នាដែរ។
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិកដែលបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានឱ្យដឹងថា វាជាការលុបចោលធំបំផុតក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។
ការលុបចោលនេះបានកើតឡើងអំឡុងចុងសប្តាហ៍ថ្ងៃទី៩ឧសភា ដែលជាការវាយសំពងមួយដល់ទីផ្សារនាំចេញសាច់ជ្រូកអាមេរិកតម្លៃ ៦,៥ ពាន់លានដុល្លារ ដែលរួមចំណែកដ៏សំខាន់ដល់ឧស្សាហកម្មសាច់របស់អាមេរិក។
មុនពេលផ្ទុះសង្គ្រាមពាណិជ្ជកម្ម ចិននិងហុងកុងរួមគ្នាគឺជាទីផ្សារនាំចេញសាច់ជ្រូកអាមេរិកធំបំផុតលំដាប់ទីពីរលើពិភពលោក។
អស់ជាច្រើនខែមកនេះ វិស័យកសិកម្មរបស់អាមេរិក ដែលស្ថិតក្នុងចំណោមវិស័យរងផលប៉ះពាល់ធ្ងន់ជាងគេបំផុតដោយសារសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោកនេះ គឺរំពឹងខ្ពស់ថា ចិននឹងបង្កើនការទិញសាច់ជ្រូករបស់អាមេរិក ដោយសារតែជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក៕ ប្រភព៖ បរទេស
