ស្ត្រីពីរនាក់ជិះម៉ូតូត្រឡប់មកពីស្រុកកំណើតវិញត្រូវរថយន្តដឹកបេតុងបើកកិនស្លាប់ម្នាក់, របួសម្នាក់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ចំណែកម្នាក់ទៀតរងរបួស បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកបេតុងបើកបត់ឆ្លងផ្លូវទៅបុកម៉ូតូស្កុបពី​ ខណៈដែលស្ត្រីទាំងពីរនាក់ជិះម៉ូតូវិលមកពីស្រុកកំណើតដើម្បីមកធ្វើរការងារជាកម្មកររោងចក្រវិញ។ 

​គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះដែលស្លាប់​ ឈ្មោះ​ ស៊ុំ សាវ៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅភូមិទួលរកា ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ចំណែក ជនរងគ្រោះម្នាក់ទៀតរបួស ឈ្មោះ រឿន វិល័យ ភេទស្រី អាយុ២១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅ​ ភូមិ ឃុំជាមួយគ្នា។  

ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-6576 ជាមធ្យោបាយ។ ចំណែករថយន្តបង្ក ម៉ាក FUSO ពណ៌ស ពាក់ស្លាក ភ្នំពេញ 5A-2349 ជារថយន្តដឹកបេតុង ក្រុមហ៊ុនដ្រេហ្គន សុធី បើកបរដោយឈ្មោះ អិន ឆេងហ័ន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបររថយន្តដឹកបេតុង មានទីលំនៅ ភូមិកន្ទោងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

​ប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា វិលត្រលប់មកពីស្រុកកំណើត ក្នុងបំណង់មកផ្ទះជួលនៅសង្កាត់ចោមចៅ៣វិញ ដើម្បីចូលមកធ្វើរការរោងចក្រ​ ធ្វើដំណើរ កាត់តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកពីត្បូងទៅជើង ហើយបត់ឆ្លងផ្លូវ មកបុកម៉ូតូទាំងកម្រោល និងកិនស្ត្រីរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

​ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុរួចបានទាកទងទៅសមត្ថកិច្ចចរាចណ៍ផ្លូវគោកដើម្បី​ ត្រួតពិនិត្យ ស្លាកស្នាមរួច ប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯរថយន្ត និងម៉ូតូ រួមជាមួយអ្នកបើកបររថយន្ត សមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...