ស្ថាបនិកក្រុមហ៊ុន Huawei ថាអាមេរិកមើលស្រាលភាពខ្លាំងរបស់ក្រុមហ៊ុនខ្លួនពេកហើយ ស្របពេលក្រុមហ៊ុនធំៗរបស់អាមេរិកកំពុងប្រឈមខាតឡុងចុង

ស្ថាបនិកក្រុមហ៊ុន Huawei Technologies Co លោក Ren Zhengfei បានវាយប្រហារដោយសម្តីធ្ងន់ៗប្រឆាំងនឹងការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការរារាំងមហិច្ឆតាសកលរបស់ក្រុមហ៊ុន ដោយនិយាយថា សហរដ្ឋអាមេរិក "មើលស្រាល" ភាពខ្លាំងរបស់ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះពេកហើយ។ លោក Ren បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានចេញបទបញ្ជាប្រតិបត្តិក្នុងគោលបំណងធ្វើឱ្យរាំងស្ទះដល់អាជីវកម្មរបស់ក្រុមហ៊ុន Huawei នៅក្នុងសហរដ្ឋអាមេរិក ដោយព្យាយាមបញ្ឈប់ការប្រឹងប្រែងរាប់ខែរបស់ក្រុមហ៊ុន Huawei ដើម្បីក្លាយជាអ្នកនាំមុខគេលើពិភពលោកខាងបច្ចេកវិជ្ជា 5G ជំនាន់ក្រោយ។

យោងតាមទូរទស្សន៍ CCTV លោក Ren បាននិយាយថា "ការអនុវត្តបច្ចុប្បន្នរបស់អ្នកនយោបាយអាមេរិកគឺមើលស្រាលភាពខ្លាំងរបស់យើងពេកហើយ។ ប្រព័ន្ធ 5G របស់ Huawei នឹងមិនរងផលប៉ះពាល់ឡើយ។ ទាក់ទងទៅនឹងបច្ចេកវិជ្ជា 5G អ្នកផ្សេងទៀតនឹងមិនអាចតាមទាន់ Huawei ក្នុងរយៈពេលពីរឬបីឆ្នាំនោះឡើយ"។

កាលពីសប្ដាហ៍មុន លោកត្រាំបានប្រកាស "ភាពអាសន្នជាតិ" ដែលផ្តល់អំណាចដល់គាត់ក្នុងការដាក់ក្នុងបញ្ជីខ្មៅរាល់ក្រុមហ៊ុន ដែលគាត់ចាត់ទុកថាជា "ហានិភ័យមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក"។ ស្របពេលជាមួយគ្នានេះដែរក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសហាមឃាត់លើក្រុមហ៊ុនអាមេរិកនានាកុំឱ្យលក់ផលិតផលឬផ្ទេរបច្ចេកវិជ្ជាឱ្យទៅក្រុមហ៊ុន Huawei។ ប៉ុន្តែក្រសួងកាលពីថ្ងៃចន្ទបានចេញផ្សាយការពន្យាពេល ៩០ ថ្ងៃលើបម្រាមនៃការផ្ទេរបច្ចេកវិជ្ជា។ ក្រសួងបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុន Huawei ទិញទំនិញផលិតនៅអាមេរិកដើម្បីថែរក្សាបណ្តាញដែលមានស្រាប់និងផ្តល់នូវការធ្វើបច្ចុប្បន្នភាពសូហ្វវែដល់ទូរស័ព្ទរបស់ Huawei ។ ក្រុមហ៊ុននេះនៅតែត្រូវបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់និងសមាសធាតុផ្សេងទៀតរបស់អាមេរិកដើម្បីផលិតផលិតផលថ្មីៗ ដោយគ្មានអាជ្ញាប័ណ្ណពិសេសពីរដ្ឋាភិបាលអាមេរិក ដែលទំនងជាត្រូវបដិសេធ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តល់សិទ្ធិថ្មីនេះគឺមានបំណងទុកពេលឱ្យបណ្តាលក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដែលពឹងផ្អែកលើឧបករណ៍របស់ក្រុមហ៊ុន Huawei ដើម្បីរៀបចំការណាត់ជួបជាមួយក្រុមហ៊ុនផ្សេង។

ស្របពេលដូចគ្នានេះដែរ សារព័ត៌មាន Bloomberg News បានរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីប Intel, Qualcomm, Broadcom និង Xilinx ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេនឹងផ្អាកការនាំចេញទៅក្រុមហ៊ុនចិនមួយនេះ ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់លេខពីរនៅលើពិភពលោកនិងជាអ្នកនាំមុខក្នុងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងបណ្តាញ 5G ទំនើប។ ក្រុមហ៊ុន Google បាននិយាយថា ខ្លួននឹងគោរពតាមបទបញ្ជារបស់សហរដ្ឋអាមេរិក ដោយធ្វើឱ្យក្រុមហ៊ុន Huawei លែងមានលទ្ធភាពចូលទៅកាន់សេវាកម្មសំខាន់ៗសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដូចជា Gmail និង Google Maps។ ក្រុមហ៊ុន Microsoft ដែលផ្គត់ផ្គង់ប្រព័ន្ធប្រតិបត្តិការ Windows សម្រាប់ឧបករណ៍របស់ក្រុមហ៊ុន Huawei ជាច្រើនប្រភេទនោះ មិនបានឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន AFP អំពីថាតើបទបញ្ជារបស់ត្រាំអាចប៉ះពាល់ដល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងរ៉េតម៉ុន នៅរដ្ឋវ៉ាស៊ីនតោននេះយ៉ាងដូចម្តេចនោះទេ។

លោក Bob O'Donnell មកពីក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកបច្ចេកវិជ្ជា Technalysis Research បាននិយាយថា ការហាមឃាត់នេះគឺស្ទើរតែច្បាស់ការណាស់ថានឹងប៉ះពាល់ដល់ក្រុមហ៊ុន Microsoft ។ លោក Bob O'Donnell បាននិយាយថា "ប្រសិនបើវាប៉ះពាល់ដល់ក្រុមហ៊ុន Google ខ្ញុំមិនយល់ថាហេតុអ្វីវាមិនប៉ះពាល់ដល់ក្រុមហ៊ុន Microsoft ដែរនោះទេ។ កំណែ Window ថ្មីគឺចេញមកពី Microsoft ព្រោះគ្មានកំណែ Open-source នោះទេ"។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុនបច្ចេកវិជ្ជាធំៗរបស់អាមេរិកបានលក់គ្រឿងបន្លាស់ក្នុងតម្លៃប្រហែល ១១ ពាន់លានដុល្លារដល់ក្រុមហ៊ុន Huawei ដូច្នេះបម្រាមរបស់ត្រាំច្បាស់ណាស់ក៏នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនអាមេរិកដូចគ្នាដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...