អ្នកនាំពាក្យក្រសួងការបរទេសចិនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវតែមានតុល្យភាពទ្វេភាគី ស្មើភាពគ្នា និងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក មិនមែនផ្អៀងតែម្ខាងនោះទេ

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអាមេរិកត្រូវតែមានតុល្យភាពទ្វេភាគីស្មើភាពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក។

អ្នកនាំពាក្យលោក Lu Kang បានធ្វើការកត់សម្គាល់បែបនេះដើម្បីជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនានាថា ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងណាក៏ដោយមិនអាច "៥០-៥០" រវាងចិននិងសហរដ្ឋអាមេរិកបាននោះទេ ហើយវាត្រូវតែផ្អៀងទៅខាងសហរដ្ឋអាមេរិកច្រើនជាង ដោយសារតែការអនុវត្តពាណិជ្ជកម្មពីអតីតរបស់ចិន។

លោក Lu បាននិយាយថា ទស្សនៈអំពី "កិច្ចព្រមព្រៀងត្រូវតែ ៥០-៥០" និង "ការផ្អៀងតែម្ខាង" គឺមិនមែនជារឿងដូចគ្នាទេនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម។

អ្នកនាំពាក្យរូបនេះក៏បាននិយាយថា វាមិនជាក់ស្តែងទេ ដែលតម្រូវឱ្យប្រទេសសេដ្ឋកិច្ចពីរត្រូវតែប្រវាស់គ្នាដាច់ខាត និងបើកទូលាយដាច់ខាតនៅក្នុងការអនុវត្តពាណិជ្ជកម្ម។ ជាងនេះទៅទៀត សកលភាវូបនីយកម្មសេដ្ឋកិច្ច គឺជាដំណើរការមួយសម្រាប់ប្រទេសនានាបំពេញនូវប្រយោជន៍របស់គ្នាទៅវិញទៅមក និងផ្គត់ផ្គង់ដល់តម្រូវការរបស់គ្នាទៅវិញទៅមក។

លោក Lu បាននិយាយបន្ថែមទៀតថា "ពាណិជ្ជកម្មដែលមានប្រយោជន៍ទៅវិញទៅមកគួរតែមានន័យថាជាផលប្រយោជន៍រួមនិងមានតុល្យភាពនៃផលប្រយោជន៍នៅក្នុងការបើកចំហទីផ្សារនៅគ្រប់ឧស្សាហកម្មទាំងអស់" ។ លោកបន្ថែមថា វាមិនមានលក្ខណៈជាវិទ្យាសាស្ដ្រ និងមិនមានវិជ្ជាជីវៈទេដែលគិតថា សហរដ្ឋអាមេរិក "ខាតបង់" នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន-អាមេរិកឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...