សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ៖ ក្រុមហ៊ុនផលិតបន្ទះឈីបអង់គ្លេស ARM ឈប់ធ្វើការជាមួយ Huawei ដោយអនុលោមតាមបញ្ជាអាមេរិក

យោងតាមឯកសារផ្ទៃក្នុងដែលទទួលបានដោយសារព័ត៌មាន BBC កាលពីថ្ងៃពុធបានឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីប (Chip) ARM មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រាប់ទៅបុគ្គលិករបស់ខ្លួនថា ក្រុមហ៊ុនត្រូវតែផ្អាកធ្វើជំនួញជាមួយនឹងក្រុមហ៊ុន Huawei ។

ក្រុមហ៊ុន ARM បានណែនាំដល់និយោជិតឱ្យបញ្ឈប់ "រាល់កិច្ចសន្យាសកម្ម សិទ្ធិទទួលបានការគាំទ្រ និងកិច្ចសន្យាដែលធ្វើមិនទាន់រួចរាល់ទាំងអស់" ជាមួយក្រុមហ៊ុន Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei ដើម្បីអនុលោមតាមការបង្ក្រាបខាងពាណិជ្ជកម្មរបស់អាមេរិកនាពេលថ្មីៗនេះ។

ក្រុមហ៊ុន ARM គឺជាអ្នកបង្កើតបន្ទះ Chip សម្រាប់ឧបករណ៍ចល័តភាគច្រើននៅទូទាំងពិភពលោក។ នៅក្នុងអនុស្សរណៈមួយរបស់ ARM ក្រុមហ៊ុននេះបាននិយាយថា រាល់ការរចនារបស់ខ្លួន គឺមាន "បច្ចេកវិជ្ជាដើមពីអាមេរិក"។ ជាលទ្ធផល ក្រុមហ៊ុនជឿថា ក្រុមហ៊ុនត្រូវរងផលប៉ះពាល់ពីបម្រាមរបស់រដ្ឋបាល Trump ។

អ្នកវិភាគម្នាក់បានរៀបរាប់អំពីចំណាត់ការនេះថា ប្រសិនបើវាមានរយៈពេលយូរអង្វែង នោះវានឹងជាការវាយសំពងដ៏ធ្ងន់ធ្ងរ "មិនអាចគ្រប់គ្រងបាន" ទៅលើអាជីវកម្មរបស់ក្រុមហ៊ុន Huawei ។ លោកបាននិយាយថា វានឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍបន្ទះឈីបផ្ទាល់របស់ខ្លួន ដែលបច្ចុប្បន្នឧបករណ៍ភាគច្រើនត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិជ្ជារបស់ក្រុមហ៊ុន ARM ដែលខ្លួនបានផ្តល់អាជ្ញាប័ណ្ណឱ្យ។

បន្ទះឈីបទាំងនេះត្រូវបានប្រើនៅស្ថានីយមូលដ្ឋានប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei និងម៉ាស៊ីនកុំព្យួទ័រ និងស្មាតហ្វូនរបស់ Huawei។

ក្រុមហ៊ុន ARM ដែលមានមូលដ្ឋាននៅទីក្រុង Cambridge នេះត្រូវបានគេពិពណ៌នាថា ជាក្រុមហ៊ុនបច្ចេកវិជ្ជាដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសរហូតដល់មានការកាន់កាប់ដោយមូលនិធិជប៉ុនមួយ។ ក្រុមហ៊ុននេះមានបុគ្គលិក ៦ ពាន់នាក់ ហើយចុះបញ្ជីការិយាល័យចំនួន ៨ នៅក្នុងសហរដ្ឋអាមេរិក៕ ប្រភព៖ BBC

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...