នាវាចម្បាំងពីរគ្រឿងរបស់អាមេរិកបើកកាត់ច្រកសមុទ្រតៃវ៉ាន់

​អ្នកនាំពាក្យ​កងទ័ព​អាមេរិកបាន​និយាយ​ថា ​កងទ័ពជើងទឹក​អាមេរិក​បាន​បញ្ជូន​នាវា​ពីរ​គ្រឿង​បើក​ឆ្លងកាត់​ច្រក​​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី ​២២ ​ឧសភា​។​ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន​ Reuters ចេញផ្សាយកាលពីថ្ងៃទី ២៣ ឧសភា។

​នាវា​ពិឃាត USS ​Preble និង​នាវា​ដឹក​ប្រេង ​USNS Walter S Diehl បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ លោក Clay Doss អ្នកនាំពាក្យ​នៃ​កង​នា​វាទី​៧ របស់​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "ការបើក​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ ​បង្ហាញ​​ឱ្យឃើញ​នូវ​ការតាំង​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិកចំពោះ​សេរីភាពនៃការធ្វើនាវាចរណ៍និង​ការបើកចំហ​នៃ​សមុទ្រ​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិក"​។​

​Reuters ក៏បាន​រាយការណ៍ផងដែរ​ថា ការបើក​ឆ្លងកាត់​ដោយ​នាវា​ទាំងពីរនេះ ត្រូវ​បាន​ចាត់​ទុក​ដោយ​តៃវ៉ាន់​ថា​ជា​សញ្ញា​នៃ​ការគាំទ្រ​ពី​រដ្ឋបាល​ត្រាំ ​ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​រវាង​តៃវ៉ាន់ ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បាននិយាយថា ទីក្រុងប៉េកាំងបានដាក់ការតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងនៅទីក្រុងប៉េកាំងថា "បញ្ហាកោះតៃវ៉ាន់គឺជាបញ្ហារសើបបំផុតនៅក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក"។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា នាវាអាមេរិកបានធ្វើដំណើរទៅភាគខាងជើងតាមច្រកសមុទ្រតៃវ៉ាន់ ហើយថារដ្ឋាភិបាលក្រុងតៃប៉ិបានឃ្លាំមើលបេសកកម្មនេះ។ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់បាននិយាយថា មិនមានហេតុផលណាមួយ ត្រូវប្រកាសអាសន្ននោះទេ។ លោកស្រីបានសរសេរនៅលើទំព័រហ្វេសប៊ុកថា "មិនមានអ្វីខុសប្រក្រតីកើតឡើងនោះទេ សូមអ្នកទាំងអស់គ្នាជឿទុកចិត្តចុះ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...