ស្ថានភាពពិភពលោកតានតឹងរាល់ថ្ងៃពេក ប្រធានសន្តិសុខកំពូលរបស់ UN ព្រមានអំពីហានិភ័យនៃការផ្ទុះសង្គ្រាមលោកលើកទី៣

ប្រមុខផ្នែកសន្តិសុខរបស់អង្គការសហប្រជាជាតិបានព្រមានថា ការគំរាមកំហែងនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែររវាងមហាអំណាចពិភពលោកគឺស្ថិតនៅកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២។

លោកស្រី Renata Dwan ប្រធានវិទ្យាស្ថានស្រាវជ្រាវផ្នែករំសាយសព្វាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UNIDIR) បាននិយាយថា ការកើនឡើងនូវការរំពឹងទុកនៃជម្លោះគឺជាបញ្ហាបន្ទាន់ ក្នុងគ្រាដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក។ អ្នកជំនាញសន្តិសុខជាន់ខ្ពស់របស់អ.ស.បរូបនេះបានយោងទៅលើជម្លោះបច្ចុប្បន្នរវាងសហរដ្ឋអាមេរិកនិងចិន ដែលកំពុងជាប់ពាក់ព័ន្ធក្នុងសង្គ្រាមពាណិជ្ជកម្មថាជាមូលហេតុចម្បងមួយនៃការព្រួយបារម្ភរបស់លោកស្រី។ លោកស្រី Renata Dwan និយាយថា បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរកំពុងនាំគ្នាធ្វើទំនើបកម្មវិធីអាវុធនុយក្លេអ៊ែរ ហើយទិដ្ឋភាពនៃការគ្រប់គ្រងអាវុធត្រូវបានផ្លាស់ប្តូរមួយផ្នែកដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្ត្រ។

ទោះបីជាប្រទេសចំនួន ១២២ បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដើម្បីហាមឃាត់អាវុធនុយក្លេអ៊ែរក៏ដោយ ក៏ប៉ុន្តែការគំរាមកំហែងនៃការបំផ្ទុះអាវុធនុយក្លេអ៊ែរនៅតែមាន។

ប្រមុខអ.ស.បរូបនេះបាននិយាយថា "ខ្ញុំគិតថាវាជាការអំពាវនាវដោយស្មោះដើម្បីទទួលស្គាល់ ហើយនេះជាខ្លឹមសារដែលបាត់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលនិយាយអំពីបញ្ហានេះ ដែលហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរឥឡូវគឺពិតជាមានខ្ពស់ណាស់ ហើយហានិភ័យនៃការប្រើអាវុធនុយក្លេអ៊ែរសម្រាប់កត្តាមួយចំនួនដែលខ្ញុំបានចង្អុលបង្ហាញនោះ គឺខ្ពស់ជាងពេលណាៗទាំងអស់ ចាប់តាំងពីសង្គ្រាមលោកលើកទី២"។

ការរៀបចំការគ្រប់គ្រងអាវុធតាមប្រពៃណីក៏កំពុងត្រូវបានរារាំងដោយការលេចឡើងនៃប្រភេទសង្គ្រាមថ្មីៗផងដែរ ជាមួយការកើនឡើងនៃក្រុមប្រដាប់អាវុធនិងបច្ចេកវិជ្ជាថ្មីៗ ដែលធ្វើឱ្យស្រពិចស្រពិលនូវបន្ទាត់កំណត់រវាងការវាយលុកនិងការការពារ។ កាលពីដើមឆ្នាំនេះ រុស្ស៊ីនិងសហរដ្ឋអាមេរិកបានបញ្ចប់ការចូលរួមរបស់ខ្លួនក្នុងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (INF)។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៨៧ នេះហាមឃាត់ប្រទេសទាំងពីរមិនឱ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយខ្លីនិងមធ្យម។

អាមេរិកក៏បានបង្កើនភាពតានតឹងជាមួយមហាអំណាចពិភពលោកផងដែរ ដោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។ សន្ធិសញ្ញានេះមានបំណងទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ សន្ធិសញ្ញា ដែលហៅជាផ្លូវការថា សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ត្រូវបានគាំទ្រដោយអង្គការយុទ្ធនាការអន្តរជាតិដើម្បីលុបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០១៧។ រហូតមកទល់ពេលនេះសន្ធិសញ្ញានេះបានប្រមូលការផ្តល់សច្ចាប័នចំនួន ២៣ ក្នុងចំណោម ៥០ ប្រទេស ដែលត្រូវការចាំបាច់ដើម្បីដាក់ចូលជាធរមាន រួមទាំងអាហ្វ្រិកខាងត្បូង អូទ្រីស ថៃ វៀតណាម និងម៉ិកស៊ិក។ ទោះយ៉ាងណា សន្ធិសញ្ញានេះត្រូវបានជំទាស់យ៉ាងខ្លាំងក្លាដោយសហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសដទៃទៀត ដែលមានអាវុធនុយក្លេអ៊ែរ។

លោកស្រី Renata Dwan និយាយថា ពិភពលោកមិនគួរព្រងើយកន្តើយនឹងគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរនោះទេ។ លោកស្រីបានបន្ថែមថា "របៀបដែលយើងគិតចំពោះរឿងនេះនិងរបៀបដែលយើងធ្វើសកម្មភាពទៅលើហានិភ័យនេះនិងការគ្រប់គ្រងហានិភ័យ សម្រាប់ខ្ញុំហាក់ដូចជាសំណួរដ៏សំខាន់និងជារឿងបន្ទាន់ ដែលមិនបានឆ្លុះបញ្ចាំងពេញលេញនៅក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប"៕ ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...