អំពើហិង្សាលើនារីកើតមានគ្រប់ទីកន្លែងលើពិភពលោក។ គ្រាន់តែក្នុងសហរដ្ឋអាមេរិកមួយ ករណីបៀតបៀនផ្លូវភេទបានកើនឡើងចំនួន ៤០ភាគរយ នេះបើតាមស្ថិតិរបស់សាកលវិទ្យាល័យជាច្រើនរបស់អាមេរិករួមបញ្ចូលគ្នា។
ឧបករណ៍ខ្មៅហៅថា Athena របស់ក្រុមហ៊ុន ROAR ត្រូវបានបង្កើតឡើងដោយ Yasmin Mustafa និង Anthony Gold ក្នុងគោលបំណងផ្តល់អំណាចដល់ស្ត្រី ដូច្នេះពួកគេនឹងអាចមានសេរីភាពដើរហើរលើពិភពលោកដោយគ្មានក្តីបារម្ភនោះឡើយ។ ការពាក់វាជាបន្តោងខ្សែក នឹងជួយជំរុញភាពជឿជាក់ដល់ស្ត្រីនៅពេលដែលស្ត្រីនៅតែម្នាក់ឯង។
ឧបករណ៍ Athena អាចពាក់ជាបន្តោងខ្សែក កៀបនឹងកអាវ កាបូបស្ពាយ ។ល។ ចុចប៊ូតុងរបស់វា ៣ វិនាទី វានឹងបញ្ចេញសម្លេងរោទិ៍យ៉ាងខ្លាំង។ ស្របពេលជាមួយគ្នានោះដែរ លេខទំនាក់ទំនងសង្គ្រោះបន្ទាន់ក្នុងទូរស័ព្ទដៃរបស់អ្នកនឹងទទួលសារជាអក្សរពីឧបករណ៍នេះ រួចបញ្ជូនដំណឹងប្រាប់ប៉ូលិសអំពីទីតាំងរបស់ស្ត្រីរងគ្រោះពីការបៀតបៀនផ្លូវភេទ ឬករណីផ្សេងៗទៀតទៅប៉ូលិស រួចឧបករណ៍នេះនឹងជួយចុចហៅលេខ ៩១១ ដោយស្វ័យប្រវត្តិ។
ឧបករណ៍នេះនៅស្ថិតក្នុងដំណើរវែងឆ្ងាយណាស់ដើម្បីបង្កើតសង្គមមួយ ដែលស្ត្រីលែងបារម្ភរឿងដើរហើរតែម្នាក់ឯង។
ឧបករណ៍នេះបច្ចុប្បន្នមានលក់តែនៅអាមេរិកប៉ុណ្ណោះ ហើយទោះវាមិនមានលក់នៅស្រុកខ្មែរក៏ដោយ ក៏យ៉ាងហោចណាស់យើងបានដឹងថា ឧបករណ៍នេះនឹងជួយសង្គមបានច្រើនណាស់ ប្រសិនបើស្ត្រីគ្រប់រូបមានវាជាប់តាមខ្លួន ដើម្បីការពារខ្លួនពីករណីចាប់រំលោភ ឬករណីផ្សេងៗទៀត៕
