ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញការបំភាយសារធាតុគីមីបំផ្លាញស្រទាប់អូហ្សូនហុយចេញពីភាគខាងកើតប្រទេសចិន

ក្រុមអ្នកស្រាវជ្រាវនិយាយថា ពួកគេបានរកឃើញប្រភពដ៏សំខាន់នៃការកើនឡើងថ្មីដ៏អាថ៌កំបាំងនៃសារធាតុគីមីដែលបំផ្លាញស្រទាប់អូហ្សូន។ នេះយោងតាម BBC កាលពីថ្ងៃទី២២ឧសភា។

សារធាតុគីមីឈ្មោះ CFC-11 ត្រូវបានប្រើប្រាស់យ៉ាងចាំបាច់សម្រាប់ធ្វើជាអ៊ីសូឡង់ការពារផ្ទះ ប៉ុន្តែការផលិតទូទាំងសកលលោកត្រូវបានបំបាត់ចោលរួចទៅហើយក្នុងឆ្នាំ២០១០។​ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានរកឃើញការរីកធំធាត់បន្តិចម្តងៗនៃសារធាតុនេះក្នុងអំឡុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

ការសិក្សាថ្មីមួយបាននិយាយថា បញ្ហានេះគឺភាគច្រើនត្រូវបានបង្កឡើងដោយផលិតកម្មឧស្ម័នថ្មីនៅខេត្តភាគខាងកើតនៃប្រទេសចិន។ CFC-11 គឺត្រូវបានគេស្គាល់ផងដែរជាមួយឈ្មោះ Trichlorofluoromethane ហើយវាគឺជាសារធាតុគីមីមួយនៃតារាងសារធាតុគីមីប្រភេទ Chloroflurocarbon (CFC) ដែលត្រូវបានបង្កើតឡើងដំបូងក្នុងអំឡុងទសវត្សន៍ឆ្នាំ១៩៣០។ 

ទោះជាយ៉ាងណាក្តី អ្នកវិទ្យាសាស្រ្តត្រូវចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីរកឃើញថា នៅពេលសារធាតុ CFCs រលាយចូលទៅក្នុងបរិយាកាស ពួកវាបញ្ចេញអាតូមក្លរដែលអាចបំផ្លាញស្រទាប់អូហ្សូនដែលការពារយើងពីពន្លឺអ៊ុលត្រាវីយូឡេ។​ រន្ធគម្លាតនៅក្នុងស្រទាប់អូហ្សូននៅលើតំបន់អង់តាក់ទិកត្រូវបានគេរកឃើញនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០។ សហគមន៍អន្តរជាតិបានយល់ព្រមចុះសន្ធិសញ្ញា Montreal Protocol ឆ្នាំ១៩៨៧ ដោយហាមឃាត់សារធាតុគីមីប៉ះពាល់ប្រភេទនេះ។ ការស្រាវជ្រាវថ្មីៗបានបង្ហាញថា ប្រហោងនៅអឌ្ឍគោលខាងជើងអាចនឹងត្រូវបានជួសជុលពេញលេញឡើងវិញនៅទសវត្សរ៍ឆ្នាំ២០៣០ និងអង់តាក់ទិកនៅឆ្នាំ២០៦០។

CFC-11 គឺជាសារធាតុគីមីទីពីរដែលផ្ទុកនូវសារធាតុ CFCs ខ្ពស់បំផុត ហើយដំបូងវាត្រូវបានគេមើលឃើញថានឹងថយចុះតាមការរំពឹងទុក។ ទោះជាយ៉ាងណាក្តី ក្នុងឆ្នាំ២០១៨ ក្រុមអ្នកស្រាវជ្រាវត្រួតពិនិត្យលើបរិយាកាសបានរកឃើញថា អត្រាធ្លាក់ចុះនេះបានបន្ថយល្បឿនប្រមាណជា ៥០ភាគរយ បន្ទាប់ពីឆ្នាំ២០១២។

ក្រុមអ្នកស្រាវជ្រាវបានលើកហេតុផលថា ពួកគេកំពុងមើលឃើញការផលិតឧស្ម័ននេះសាជាថ្មី ដែលមកពីអាស៊ីខាងកើត។ អ្នកសរសេរអត្ថបទនោះបានអះអាងថា ប្រសិនបើប្រភពនៃផលិតកម្មថ្មីនេះមិនបានបិទទ្វារទេ វាអាចពន្យាពេលនៃការព្យាបាលស្រទាប់អូហ្សូនមួយទសវត្សរ៍ទៀត៕

adverise with khmeread
tiger
Loading ad ...