ឃាត់មនុស្ស២១នាក់ចាក់មាន់ជល់ភ្នាល់តាមប្រព័ន្ធអ៊ីនធឺណេតនៅសង្កាត់ច្បារអំពៅ២

ភ្នំពេញ​ ៖​ មនុស្ស ២១នាក់រួមមានម្ចាស់ទីតាំង ភ្នាក់ងារស៊ីសង និងអ្នកលេងល្បែងស៊ីសងខុសច្បាប់ «ចាក់មាន់ជល់ភ្នាល់តាមប្រព័ន្ធអ៊ីនធឺណេត» ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចំណុចហាងកាហ្វេដុងហេង លី ទីតាំងផ្ទះលេខ៧៨ ផ្លូវ ៣៥៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៥ ឧសភា ឆ្នាំ២០១៩ ម៉ោង២ និង៣០នាទីរសៀល ហើយបាននាំមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី។ 

សមត្ថកិច្ចនិយាយថា កាលពីថ្ងៃទី ២៥ ឧសភា ឆ្នាំ២០១៩ ម៉ោង២ និង៣០នាទីរសៀល ដោយមានការអនុញ្ញាតពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ, លោកវរសេនីយ៍ ទោ ម៉ៅ សឿត អធិការរង បានចុះបង្ក្រាប ជាក់ស្តែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ «ចាក់មាន់ជល់ភ្នាល់តាមប្រព័ន្ធអ៊ីនធឺណេត» នៅទីតាំងខាងលើ។ 

សមត្ថកិច្ចបន្តថា​ សមត្ថកិច្ចដកហូតសម្ភារៈ និងវត្ថុតាងរួមមាន ទូរទស្សន៍ ០៤គ្រឿង, កុំព្យូទ័រ ១០គ្រឿង, ក្រដាសចាក់ ភ្នាល់ជល់មាន់មួយចំនួន, លុយ ១៥១ដុល្លារ, លុយខ្មែរ ១,៤៤០,០០០រៀល, សៀវភៅកត់ចំណូល-ចំណាយ ១ក្បាល, តុ៥, កៅអី១០, កង្ហារ០២គ្រឿង, កាមេរ៉ាសុវត្ថិភាព០១គ្រឿង និងម៉ូតូ៣៣គ្រឿង និងធ្វើការឃាត់ខ្លួនមនុស្ស ២១នាក់ (ប្រុស) ក្នុងនោះម្ចាស់ទីតាំង០១នាក់, ភ្នាក់ងារស៊ីសង០៣នាក់ និងអ្នកលេង ១៧នាក់។ 

ភ្លាមៗនោះសមត្ថកិច្ចបាន បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅធ្វើការសាកសួរ៕


 
 

adverise with khmeread
tiger
Loading ad ...